(ភ្នំពេញ)៖ នគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនស្ត្រី២នាក់ ជាប់ពាក់ព័ន្ធការបើកកត់ឆ្នោតវៀតណាម (ល្បែងស៊ីសង) ខុសច្បាប់នៅ២ទីតាំងផ្សេងគ្នា។ ការឃាត់ខ្លួនមេឆ្នោតទាំង២នាក់នេះ បានធ្វើឡើងនៅក្នុងភូមិផ្សារតូច និងនៅលើកំណាត់ផ្លូវលេខ៧០ លើកំណាត់ផ្លូវរថភ្លើង ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
មន្ត្រីនគរបាលបានបង្ហើបឲ្យដឹងថា ស្ត្រីជាប់សង្ស័យកត់ឆ្នោតទី១-ឈ្មោះ ហ្គេចជូ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួននៅចំណុចផ្ទះលេខ០៥៨ ផ្លូវបេតុង ស្ថិតក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ និងម្នាក់ទៀតជាប់សង្ស័យកត់ឆ្នោតដូចគ្នាមានឈ្មោះ បុទម ស្រីនុច អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួននៅចំណុចផ្ទះលេខ១៥៩ ផ្លូវ៩០០ ស្ថិតក្រុម៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាវេលាម៉ោង៤ល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ និងដកហូតបានសម្ភារពាក់ព័ន្ធមួយចំនួន ក្រោមការសម្របសម្រួលពីលោក វ៉ា សក្កដា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានបង្ហើបឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនស្ត្រីទាំង២នាក់ ជាប់ពាក់ព័ន្ធបើកល្បែងកត់ឆ្នោតវៀតណាម រួមជាមួយវត្ថុតាង ត្រូវនាំខ្លួនទៅកាន់ផ្នែកជំនាញអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីបន្តតាមនីតិវិធី៕