(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានអនុម័តទាំងស្រុងហើយលើយ «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីស្តង់ដាកម្ពុជា» ដោយមានការកែប្រែទៅលើពាក្យពេចន៍មួយចំនួន។ នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរដ្ឋមន្ត្រី។
បើតាមលោក ផៃ ស៊ីផាន ច្បាប់ស្តីពីស្តង់ដាកម្ពុជានេះ បានវិសោធនកម្មចំនួន ២៤មាត្រា រួមមាន៖ មាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណង់ជើងនៃជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨។
អ្នកនាំពាក្យរូបនេះ ក៏បានឲ្យដឹងផងដែរថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីស្ដង់ដាកម្ពុជា ដែលត្រូវបានដាក់ឲ្យអនុវត្តចាប់ពីឆ្នាំ២០០៧ មកនោះ គឺដើម្បីបំពេញបន្ថែមបទប្បញ្ញត្តិ និងចំណុចសំខាន់មួយចំនួន សំដៅធ្វើការពង្រឹងនូវការអនុវត្តច្បាប់ស្តីពីស្ដង់ដាកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការធ្វើឲ្យប្រសើរឡើងនូវគុណភាពផលិតផល សេវាកម្ម និងការគ្រប់គ្រង, បង្កើនប្រសិទ្ធភាពផលិតកម្មឲ្យកាន់តែប្រសើរឡើង, ធានាឲ្យធ្វើពាណិជ្ជកម្មមានលក្ខណៈត្រឹមត្រូវ និងងាយស្រួល, បង្កើនការការពារអ្នកប្រើប្រាស់ លើកកម្ពស់សុខមាលភាពសាធារណៈ, ប្រឆាំងរាល់ផលិតផលក្លែងបន្លំ និងគ្មានគុណភាព ដែលបណ្ដាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាព មនុស្ស សត្វ និងបរិស្ថាន និងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ ដោយអនុលោមតាមកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក ស្តីពីរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (World Trade Organization Agreement on Technical Barriers to Trae- WTO/TBT)។
លោក ផៃ ស៊ីផាន ក៏បានការផ្លាស់ប្តូរពាក្យពេចន៍មួយចំនួន នៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនេះមកបញ្ជាក់ផងដែរ។ ការផ្លាស់ប្តូរពាក្យពេចន៍នេះ មានដូចខាងក្រោម៖
- មាត្រា ៣ថ្មី កែសម្រួលនិយមន័យនៃពាក្យ «ស្ដង់ដា» ឲ្យស្របតាមនិយមន័យនៃកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក ស្តីពីរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (WTO/TBT)
- មាត្រា ៣ថ្មី មាត្រា ៨ថ្មី មាត្រា ១២ថ្មី មាត្រា ១៦ថ្មី មាត្រា ១៩ថ្មី មាត្រា ២៦ថ្មី និងមាត្រា ៥៩ថ្មី ប្ដូរពាក្យ «ស្ដងដារបញ្ជា» ជំនួសដោយពាក្យ «បទប្បញ្ញត្តិបច្ចេកទេស» ដើម្បីឲ្យស្របតាមកិច្ចព្រមព្រៀង WTO/TBT
- មាត្រា ១៦ថ្មី បង្កើតអោយមាននីតិវិធីនៃការកំណត់ «បទប្បញ្ញត្តិបច្ចេកទេស» ស្របតាមកិច្ចព្រមព្រៀង WTO/TBT
- មាត្រា៣ថ្មី មាត្រា ៧ថ្មី មាត្រា ៨ថ្មី មាត្រា ៥០.២ថ្មី មាត្រា ៥០.៣ថ្មី មាត្រា ៦៥ថ្មី មាត្រា ៦៦ថ្មី មាត្រា ៦៧ថ្មី និងមាត្រា ៦៨ថ្មី ប្ដូរពាក្យអធិការ ជំនួសដោយពាក្យមន្រ្តីអធិការកិច្ច
- មាត្រា ៧ថ្មី មាត្រា ៨ថ្មី និងមាត្រា ៩ថ្មី ផ្តល់នីតិសម្បទា ដល់មន្រ្តីអធិការកិច្ចរបស់វិទ្យាស្ថានស្ដង់ដាកម្ពុជាឲ្យទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ និងរៀបចំនីតិវិធី នៃការធ្វើអធិការកិច្ច ដើម្បីពិនិត្យបទល្មើស ដែលមានចែងនៅក្នុងច្បាប់នេះ ស្របតាមបទប្បញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងពង្រឹងការអនុវត្តច្បាប់ស្តីពីស្ដង់ដាកម្ពុជាឲ្យមានប្រសិទ្ធភាពខ្ពស់
- មាត្រា ៥០ថ្មី ដល់មាត្រា ៥៨ថ្មី បង្កើតឲ្យមានយន្តការនៃការពិន័យអន្តរការណ៍ចំពោះការប្រព្រឹត្តល្មើសទៅនឹងច្បាប់នេះ ដោយក្នុងនោះកែសម្រួលឲ្យមានការបែងចែកកម្រិតដាក់ទោសទណ្ឌដែលជាប្រភេទបទល្មើសតូចតាចឲ្យទទួលទោសពិន័យជាទឹកប្រាក់ ដិយមិនកំណត់ជាទោសជាប់ពន្ធនាគារលើរាប់ប្រភេទបទល្មើសនោះទេ។
- មាត្រា ៣ថ្មី មាត្រា ៦ថ្មី មាត្រា ៨ថ្មី មាត្រា ១១ថ្មី និងមាត្រា ៦៨ថ្មី ប្ដូរឋានៈ «ប្រធានវិទ្យាស្ថាន» ទៅជា «អគ្គនាយក» តែម្តង ដោយមិនចាំបាច់បញ្ជាក់ថា មានឋានៈស្មើអគ្គនាយកនោះទេ ដើម្បីងាយស្រួលក្នុងការអនុវត្តការងារជៀសវាងសាធារណជនមានការយល់ច្រឡំថា វិទ្យាស្ថានស្ដង់ដាកម្ពុជាជាគ្រឹះស្ថានសិក្សាឯកជន មិនមែនជាស្ថាប័នរបស់រាជរដ្ឋាភិបាល និងក៏ដើម្បីអោយស្របទៅតាមអង្គភាពស្ដង់ដាជាតិ នៃប្រទេសសមាជិកអាស៊ាន៕