(កំពត)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ រៀបចំពិធីក្រុងពលី សុំម្ចាស់ទឹក ម្ចាស់ដី ទេវតា អ្នកតារក្សាព្រៃភ្នំ ក្នុងស្រុកជុំគីរី ខេត្តកំពត ធ្វើពិធីលំហាត់សមយុទ្ធបាញ់គ្រាប់ពិត ប្រភេទកាំភ្លើងប្រតិកម្មរហ័ស បេអឹម២១ កាំភ្លើងធំ១២២ ដេ៣០ កាំភ្លើងធំប្រភេទ ១៥២មីលីម៉ែត្រ និងប្រភេទអាវុធទំនើបផ្សេងៗទៀត ក្នុងលំហាត់ហនុមានមាស២០១៨ នៅភូមិសាស្ត្រតំបន់ភ្នំ ភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ចាប់ពីថ្ងៃ២៥ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះតទៅ។
ក្នុងពិធីនេះក៏មានការចូលរួមពី នាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ និងថ្នាក់ដឹកនាំប្រភេទជំនាញ កងអង្គរក្ស កងកាំភ្លើងធំ វិទ្យុទាក់ទង កងរថក្រោះ កងពលតូចថ្មើរជើងលេខ៧០ កងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ និងបណ្តាប្រភេទទ័ពជំនាញជាច្រើនរូបទៀត។
សូមបញ្ជាក់ថា «លំហាត់ហ្វឹកហ្វឺនសមយុទ្ធហនុមានមាស២០១៨» ឆ្នាំនេះ មានទំហំធំជាងរាល់ឆ្នាំ ដោយត្រូវប្រើប្រាស់ឧទ្ធោបការណ៍យោធា ប្រភេទកាំភ្លើងប្រតិកម្មរហ័ស បេអឹម២១ អែអឹម៧០ ចំនួន២០គ្រឿង កាំភ្លើងធំធុន១២២ អឹម-អឹ ដេ៣០ ចំនួន១៨ដើម កាំភ្លើងធំធុន១៥២ ចំនួន៤ដើម និងចំណាយគ្រាប់ បេអឹម២១ អែអឹម៧០ ចំនួន១០០គ្រាប់ ១២ដេ ៣០អឹម អឹម១២៥ អឹមអឹម-បេអឹម ជាច្រើនពាន់គ្រាប់ទៀត ចាប់ពីថ្ងៃ២៥ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨»។
ក្នុងនោះដែរ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កុំព្យូទ័រចំនួន០៨គ្រឿង ព្រីនធឺរចំនួន០៨គ្រឿង និងអង្ករចំនួន០៥តោនផ្តល់ឲ្យស្រុកជុំគីរី៕