(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានថ្លែងថា «យើងមានជំនាញ និងមានបេះដូង, យើងត្រូវអនុវត្តជំនាញ និងយកបេះដូងជួយដល់ប្រជាពលរដ្ឋ ព្រោះថា ការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ គឺមិនត្រឹមតែជួយសង្គ្រោះជីវិតអ្នកជំងឺប៉ុណ្ណោះទេ យើងបានផ្ដល់នូវស្នាមញញឹម ក្តីសង្ឃឹម និងសុភមង្គលដល់គ្រួសារផងដែរ»។
ការថ្លែងបែបនេះរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងមូលនិធិសាសនាឆឺជី ដើម្បីបង្កើនលទ្ធភាពក្នុង សកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋតាមរយៈការព្យាបាលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋតាមបណ្ដាខេត្ត រោងចក្រសហគមន៍ អង្គការមជ្ឈមណ្ឌលកុមារកំព្រា។ ពិធីចុះអនុស្សរណៈ យោគយល់គ្នានេះ បានធ្វើឡើងនៅរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។
លោកវេជ្ជបណ្ឌិត Dr.Lin Chin long បានលើកឡើងថា មូលនិធិសាសនាឆឺជី គឺជាអង្គការមនុស្សធម៌មួយដែលបានបង្កើតឡើងក្នុងសកម្មភាពសំខាន់ៗ ៤ក្នុងនោះ មានសកម្មភាពមនុស្សធម៌ វេជ្ជសាស្ត្រ អប់រំ និងវប្បធម៌ ក្នុងគោលបំណងជួយទៅដល់ប្រជាជនឲ្យមានភាពសប្បាយរីករាយនៅក្នុងជីវិត។ គិតមកដល់ពេលនេះអង្គការបានធ្វើសកម្មភាពជួយដល់ប្រជាជនចំនួន៥៤ប្រទេសរួចមកហើយ។ ដោយមើលឃើញអំពីសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងដោយសារមានគោលបំណងដូចគ្នា អង្គការបានចុះអនុស្សរណៈយោគយល់គ្នា រវាងស្ថាប័នទាំងពីរដើម្បីចូលរួមចំណែក នៅក្នុងសកម្មភាពមនុស្សធម៌ដើម្បីជួយដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា «ក្នុងនាមប្រជាជនកម្ពុជា សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមូលនិធិសាសនាឆឺជី ដែលបានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ តាមរយៈការផ្តល់សេវាពិនិត្យ និងព្យាបាលដោយដឹកឥតគិតថ្លៃជូនប្រជាពលរដ្ឋ»។ លោក ហ៊ុន ម៉ាណែត បានបន្តថា តាមរយៈការចុះអនុស្សារណៈយោគយល់គ្នានេះ យើងនឹងបន្តការទំនាក់ទំនងនិងឱកាសបន្ថែមទៀតដើម្បីធ្វើការរួមគ្នាជួយដល់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ពីមួយថ្ងៃទៅមួយថ្ងៃទៅមួយថ្ងៃ បានពង្រីកសកម្មភាពមនុស្សធម៌របស់ខ្លួន ទៅតាមលទ្ធភាពដោយមានការចូលរួមពីសប្បុរសជន និងស្ថាប័នមនុស្សធម៌ផ្សេងៗ ដើម្បីចុះពិនិត្យ និងការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តនានា តាមបណ្តារោងចក្រ សហគមន៍ អង្គការកុមារកំព្រាជាច្រើន នៅទូទាំងប្រទេស។
ជាលទ្ធផល សមាគមបានពិនិត្យនិងព្យាបាលប្រជាពលរដ្ឋបានជិត៣០ម៉ឺននាក់ នៅទូទាំងប្រទេស និងករណីអ្នកជំងឺធ្ងនធ្ងរជាង៣ពាន់នាក់ ត្រូវបាននាំមកព្យាបាលនិងវះកាតនៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA៕