(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនមន្រ្តីយោធានៅអង្គភាព «ង៧០» ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធករណី បាញ់បោះសេរី។
សូមបញ្ជាក់ថា លោកនាយចំណង់ ធុន រាជ នាយទាហានរងនៅអង្គភាពកងពលតូចលេខ៧០ ដែលបានបាញ់បោះសេរី បានចូលសារភាពនៅបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញនៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ។
ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលតូចលេខ៧០បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា បន្ទាប់ពីបានទទួលព័ត៌មានថា មានទាហាននៅអង្គភាព «ង៧០» បាញ់បោះសេរីនៅសង្កាត់ទន្លេបាសាក់កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៨ លោកឧត្ដមសេនីយ៍ បានបញ្ជាឲ្យអង្គភាពស្រាវជ្រាវ និងបានឲ្យចូលខ្លួនសារភាពចំពោះសមត្ថកិច្ច អាវុធហត្ថរាជធានីដើម្បីចាត់ការតាមនិតិវិធី។
ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា ក្នុងនាមលោកជាមេបញ្ជាការកងពល មិនគាំទ្រចំពោះទង្វើល្មើសច្បាប់របស់កងកម្លាំងក្រោមឱវាទទេ៕