(កំពង់ធំ)៖ រដូវវស្សាចូលមកដល់ មានភ្លៀងលាយខ្យល់ និងគ្រោះធម្មជាតិជាច្រើន ដែលបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងមួយរយៈខ្លីនេះ។ ជាក់ស្តែង ផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នងទៀតហើយ ដែលស្ថិតនៅក្នុងភូមិកំពង់រទះ សង្កាត់កំពង់រទះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបាក់ស្រុតចូលទៅក្នុងស្ទឹង ធ្វើឲ្យខូចស្ទើរតែទាំងស្រុង។

ក្រោយពីមានភ្លៀងធ្លាក់មួយមេធំ កាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ព្រឹកមិញនេះ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នង រងការបាក់ស្រុតស្ទើរតែទាំងស្រុង ចូលទៅក្នុងស្ទឹងសែន ដែលបង្កឲ្យការភ័យខ្លាច ដល់ប្រជាពលរដ្ឋដែលរស់នៅជិតគ្នានេះ។ ផ្ទះចំនួនពីរខ្នងនោះរួមមាន៖ ផ្ទះទី១ ជារបស់លោក សរ វ៉ារី និងលោកស្រី សួរ គឹមជាង រៀបបេតុងផ្នែកខាងក្រោម ខាងលើប្រក់ក្បឿង ជញ្ជាំងក្តារ និងផ្ទះទី២ ជារបស់លោក សួ ចាន់ និងលោកស្រី គឹម ង៉ែត ធ្វើអំពីឈើ ទាំងផ្នែកខាងលើ និងខាងក្រោមប្រក់ក្បឿង។

ជាមួយគ្នានេះ ក្រោមការចង្អុលបង្ហាញពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ, លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានចុះដោយផ្ទាល់ធ្វើការរុះរើ ហើយលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានចាត់ឲ្យកងកម្លាំងនគរបាល សហការគ្នា រុះរើ និងដឹកជញ្ជូនទ្រព្យសម្បត្តិទៅកាន់កន្លែងមានសុវត្ថិភាព។

លោក ម៉ាក់ ប៊ុនហេង បានលើកឡើងថា កន្លងមកនៅទីកន្លែងនេះ ធ្លាប់មានការបាក់ស្រុតកាលពីឆ្នាំមុនម្តងរួចមកហើយ តែមិនមានកម្រិតធ្ងន់ធ្ងរ ដូចពេលនេះទេ។ ប៉ុន្តែកន្លងមក រដ្ឋបាលក្រុងស្ទឹងសែន បានជូនដំណឹង ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន ឲ្យមានការប្រុងប្រយ័ត្ន និងតាមដានលំនៅស្ថាន បើមានការប្រះស្រាំ និងបាក់ស្រុតត្រូវធ្វើរាយការណ៍ទៅអាជ្ញាធរ និងរុះរើ ព្រមទាំងចាកចេញជាបន្ទាន់។ លើសពីនេះទៅទៀត រាល់ការសាងសង់ និងការចាក់បំពេញដីនៅតាមដីក្បែមាត់ស្ទឹង ត្រូវផ្អាកជាដាច់ខាត។

គួរបញ្ជាក់ថា ហេតុការណ៍នេះ មិនបណ្តាលឲ្យមានការរងរបួស ឬបាត់បង់ជីវិត មនុស្សនោះទេ៕