Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីសុខាភិបាល ហាមឃាត់ម្ចាស់សហគ្រាស រោងចក្រ និងសាធារណជន មិនត្រូវបង្ហូរកាកសំណល់ ឬសារធាតុគីមី ចូលទៅក្នុងប្រភពទឹកឡើយ

25-05-2018 11:01

(រតនគិរី)៖ លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានហាមឃាត់ទៅម្ចាស់សហគ្រាស រោងចក្រ និងសាធារណជន មិនត្រូវបង្ហូរចោលកាកសំណល់ ឬសារធាតុគីមី ចូលទៅក្នុងប្រភពទឹកបឹង ទន្លេ ព្រែក អូរ ដែលជាប្រភពទឹកសម្រាប់ប្រើប្រាស់ឡើយ។

លោកក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានមូលដ្ឋាន និងកំពុងប្រើប្រាស់ទឹកបឹង ទន្លេ ព្រែក អូរ ស្ទឹង សូមមេត្តាមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក និងសូមបញ្ឈប់ជាបន្ទាន់នូវការបរិភោគទឹកមិនស្អាត នៅដើមរដូវវស្សានេះ។

ការអំពាវនាវដូចនេះ បានធ្វើឡើងក្រោយពេលដែលបណ្តាខេត្តមួយចំនួន ក្នុងតំបន់ភូមិភាគឥសាន្ត ដែលមានដូចជាខេត្តក្រចេះ និងខេត្តមណ្ឌលគិរី កាលពីថ្មីៗកន្លងទៅនេះ បានកើតឡើងនូវបញ្ហាមួយចំនួន មកពីបញ្ហាការប្រើប្រាស់ទឹកពុំស្អាត និងពុំមានសុវត្ថិភាព ដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ និងធ្លាក់ខ្លួនឈឺជាច្រើននាក់។

ប្រធានមន្ទីររូបនេះ បានឲ្យដឹងទៀតថា ដើម្បីធានាបាននូវសុវត្ថិភាព សូមបងប្អូនប្រជាពលរដ្ឋអនុវត្តប្រការមួយចំនួនឲ្យបានខ្ជាប់ខ្ជួនដូចជា៖ អនាម័យល្អ រស់នៅស្អាត ជាពិសេសប្រើប្រាស់ទឹកស្អាត ទឹកឆ្អិនជានិច្ច កុំបរិភោគ ឬប្រើប្រាស់ទឹកមិនស្អាតសម្រាប់ចម្អិនអាហារ (ទឹកអូរ ព្រែក បឹងជាដើម) ដែលអាចមានលំហូរសារជាតិពុល កើតចេញពីការប្រើប្រាស់ថ្នាំសម្រាប់សម្លាប់សត្វល្អិត ឬថ្នាំបាញ់សម្លាប់ស្មៅចូល។

មន្រ្តីសុខាភិបាល បានណែនាំដល់ពលរដ្ឋ កុំពិសារស្រាដែលមិនមានប្រភពច្បាស់លាស់ ឬផលិតមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បើមានបញ្ហាសុខភាព និងហេតុការណ៍អ្វីមួយត្រូវស្វែងការពិនិត្យ និងព្យាបាលនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកណាមួយដែលមានមូលដ្ឋានក្បែរផ្ទះ៕