(ភ្នំពេញ)៖ លោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ គាំទ្រសកម្មភាពការងាររបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដើម្បីទ្រទ្រង់សកម្មភាពការងារតទៅមុខទៀត។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប ដែលពេញចិត្តបរិច្ចាកគាំទ្រសកម្មភាពការងាររបស់ ស.ស.ស.ក ដែលអាចឲ្យ ស.ស.ស.ក មានលទ្ធភាពបន្តបេសកម្មក្នុងការពង្រីកខ្លួនឯងផង ជួយការងារកាសែតផង ហើយក៏រួមចំណែកនៅក្នុងផ្នែកព័ត៌មានសម្រាប់ការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីកម្ពុជាបន្តរីកចម្រើនលើផ្លូវយូរអង្វែង។
ស.ស.ស.ក បានកើតឡើងពីសមាជិកស្ថាបនិកដែលជាអ្នកសារព័ត៌មាន ទាំងភាសាខ្មែរ និងភាសាបរទេសនៅក្នុងប្រទេសកម្ពុជា ហើយថវិកាគាំទ្រសកម្មភាពការងាររបស់ ស.ស.ស.ក គឺទទួលបានពីសប្បុរសជនក្នុងស្រុកជាពាណិជ្ជករ និងមន្ត្រីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល។
ស.ស.ស.ក បង្កើតឡើងនេះ គឺបានធ្វើសកម្មភាពជាច្រើនទាក់ទងទៅនឹងការតម្រង់ទិសសារព័ត៌មាន ការរួមចំណែកពង្រឹងសីលធម៌វិជ្ជាជីវៈ និងសមត្ថភាពវិជ្ជាជីវៈដល់ អ្នកសារព័ត៌មានកម្ពុជា ជាមួយនឹងការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាប្រឆាំងការផ្សាយព័ត៌មានមិនពិត ហើយបានដើរតួនាទីនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិតំណាងឲ្យសាព័ត៌មានកម្ពុជា។
លោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក មានប្រសាសន៍ថា ក្នុងអំឡុងពេល២ឆ្នាំពីនេះតទៅមុខ កម្ពុជា គឺត្រូវការរួមគ្នាពង្រឹងសមត្ថភាពជាតិឲ្យរឹងមាំផង ហើយក៏ត្រូវការត្រៀមខ្លួននិងតាមដានការប្រែប្រួលពិភពលោកខាងក្រៅជាប្រចាំផង។ អ្នកសារព័ត៌មាន ក៏ត្រូវពង្រឹងខ្លួន ដើម្បីរួមចំណែក ជាពិសេសប្រយុទ្ធប្រឆាំងការផ្សាយព័ត៌មានបំពុលព័ត៌មាន ហើយនាំមកវិញនូវការផ្សាយដែលផ្តល់ពន្លឺនៃការគិតជាវិជ្ជមាន រួមចំណែកបន្តការរីកចម្រើនយូរអង្វែងនៅកម្ពុជា។
នៅល្ងាចនេះ គឺល្ងាចថ្ងៃសុក្រទី២៥ ខែឧសភា ឆ្នាំ២០១៨ ស.ស.ស.ក នឹងរៀបចំរាត្រី សមោសរ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដើម្បីគៀងគរថវិកាគាំទ្រសកម្មភាពការងារ២ឆ្នាំតទៅមុខទៀត៕