(ប៉ៃលិន)៖ បុរសជនជាតិថៃម្នាក់ បានបើករថយន្តដឹកដំឡូងមី ទៅព្រលះជាមួយម៉ូតូរ៉ឺម៉ក់ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងមនុស្ស៣នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ ណារ៉ាធិប ម៉ៃកាង អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្តដឹកដំឡូងមី ជាជនជាតិថៃ រស់នៅភូមិសីងអាំង ឃុំតុបកុក ស្រុកកុបកូក ខេត្តនគរាជ បើកបររថយន្តម៉ាក ISUZU ពាក់ផ្លាកលេខ 81-3979 THAILAND ខូចខាតស្រាល។ ចំណែកជនរងគ្រោះម្ខាងទៀតមាន៖

ទី១៖ ឈ្មោះ មាស ម៊ឺន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរអិល ឃុំស្ទឹកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួស់ធ្ងន់ (បាក់ឆ្អឹងជំនីខាងឆ្វេង) ជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក់។
ទី២៖ ឈ្មោះ សូ សោភ័ណ្ឌ ភេទស្រី ជនជាតិខ្មែរ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នករួមដំណើរ ត្រូវជាប្រពន្ធរបស់អ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក់។
ទី៣៖ ឈ្មោះ រ៉ាត់ រិទ្ធ អាយុ៦១ឆ្នាំ ភេទប្រុស មុខរបកសិករ រស់នៅភូមិ អូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នករួមដំណើរ ស្លាប់នៅនឹងកន្លែងកើតហេតុ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើបណ្តាល មកពីរថយន្តបានបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យជ្រុលទៅបុក​ម៉ូតូសណ្ដោងរ៉ឺម៉ក់ពីក្រោយ​​ពេញទំហឹង។

ក្រោ​យពេល​កើតហេតុជនរងគ្រោះ​ដែល​រងរបួស​ត្រូវបានរថ​យន្តសង្គ្រោះដឹក​យកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕