(កំពង់ឆ្នាំង)៖ ក្នុងពិធីបិទវគ្គបំប៉ននាយទាហានជាន់ខ្ពស់ ជំនាញកិច្ចការព្រំដែនជំនាន់ទី១ និងបើកវគ្គបំប៉ន នាយទាហានថ្នាក់ គ.ឃ ជំនាញកិច្ចការព្រំដែនជំនាន់ទី៥ នៅសាលាការពារព្រំដែន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានប្រាប់ឲ្យកងទ័ពដែលសិក្សា ជំនាញកិច្ចការព្រំដែន ត្រូវបង្កើនសមត្ថភាពឲ្យកាន់តែខ្ពស់បន្ថែមទៀត ដើម្បីពង្រឹងការការពារបូរណភាពទឹកដីរបស់កម្ពុជា។

ក្នុងពិធីនោះ ដែលរៀបចំឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ក៏មានការប្រគល់ជូនរថយន្តពេទ្យសង្រ្គោះបន្ទាន់ទី២៩ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី លីហៀក រតនា ជូនដល់សាលាការពារគីមីសាស្ត្រផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចការងាររបស់កងទ័ព ពិសេសកិច្ចការការពារព្រំដែន ដែលមន្ដ្រីនៃកងយោធពលខេមរភូមិន្ទ កំពុងតែធ្វើការហ្វឹកហ្វឺន រៀនសូត្រជាប្រចាំថ្ងៃ។ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា កិច្ចការការពារព្រំដែន មិនថាព្រំដែនគោក ឬព្រំដែនទឹកនោះទេ គឺត្រូវការជំនាញខ្លាំងណាស់ ពិសេសដើម្បីអនុវត្តឲ្យស្របទៅតាមយុទ្ធសាស្ដ្រដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា។

អគ្គមេបញ្ជាការរងរូបនេះ ក៏បានវាយតម្លៃខ្ពស់ ចំពោះការហ្វឹកហ្វឺនទៅលើជំនាញព្រំដែនទាំងផ្នែកយុទ្ធសាស្ដ្រ ​ចិត្តសាស្ដ្រ និងការអនុវត្តជាក់ស្ដែង ហើយត្រូវតែរៀនសូត្រ ឲ្យបានច្បាស់លាស់លើគ្រប់ផ្នែកទាំងអស់ ទាំងការងារអន្ដោប្រវេសន៍ ការងារគ្រឿងញៀន និងបទល្មើសផ្សេងៗ ដែលទាមទារឲ្យកម្លាំងជំនាញក្ដាប់ភូមិសាស្ដ្រឲ្យច្បាស់ថា កន្លែងណាជាទឹកដីរបស់កម្ពុជា ហើយកន្លែងណាជាទឹកដីរបស់ប្រទេសជិតខាង។

បន្ថែមពីនេះទៀត នាយឧត្តមសេនីយ៍ក៏បានធ្វើការ ណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់រៀនសូត្របន្ថែមទៀត ហើយអ្នកដែលធ្លាប់រៀនហើយ ក៏កុំគិតថាចូលមករៀនម្ដងទៀត ខ្លួនមានសមត្ថភាពមិនគ្រប់គ្រាន់នោះទេ ពោលត្រូវគិតថា គឺត្រូវហ្វឹកហ្វឺនខ្លួនឯងបន្ថែម ដើម្បីឲ្យយល់កាន់តែច្បាស់ និងកាន់តែស៊ីជម្រៅ។

ចំពោះការផ្ដល់ជូនរថយន្ដសង្គ្រោះទី២៩ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកឧកញ៉ាបណ្ឌិត ជា រតនា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា គឺជាការយកចិត្តទុកដាក់ខ្ពស់​របស់ សម្ដេចតេជោ ហ៊ុន សែន ហើយលោកក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការយកចិត្តទុកដាក់ របស់លោកឧកញ៉ាបណ្ឌិត ជា រតនា ដែលជាសេនាធិការ ក្នុងការជួយគិតគូរដល់សុខទុក្ខរបស់កងទ័ព​។

ជាមួយគ្នានេះដែរ លោកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានលើកឡើងផងដែរថា ការប្រគល់រថយន្ដសង្គ្រោះទី២៩នេះ សូមយកទៅប្រើប្រាស់ឲ្យចំគោលដៅ​ ដោយមិនត្រូវឲ្យមានការរើសអើង ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ ពោលត្រូវជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ ហើយត្រូវចូលរួមថែរក្សារថយន្ដសង្គ្រោះនេះឲ្យបានល្អប្រសើរ៕