(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឲ្យកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រូវ ព្រមទាំងរថយន្តគ្មានផ្លាកលេខ។
ប្រតិបត្ដិការចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងលើនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ ដែលមានកម្លាំងជាច្រើនរូប ដោយចាត់កម្លាំងជា៣គោលដៅ ពេញមួយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។
ព្រឹកចំនួន០២គោលដៅ កម្លាំងសរុបចំនួន២៥នាក់ គោលដៅទី០១ ដឹកនាំដោយលោកអនុសេនីយ៍ឯក ភិន សារ៉ាវុធ នាយរងផ្នែកអន្តរាគមន៍ កម្លាំងចំនួន១៣នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅជិតសង្កាត់លេខ០២ ស្ថិតក្នុងភូមិ០២ សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ។
គោលដៅទី០២ ដឹកនាំដោយលោកអនុសេនីយ៍ឯក វ៉ាយ លាភ នាយរងផ្នែកបញ្ជាចរាចរណ៍ កម្លាំងចំនួន១២នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅP6 ស្ថិតក្នុងភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។
ល្ងាចចំនួន០១គោលដៅ កម្លាំងសរុបចំនួន១៤នាក់៖ គោលដៅទី០១ ដឹកនាំដោយលោកវរសេនីយ៍ទោ កេត សុភ័ក្រ្ត នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន១៤នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅកែងគុជអាស៊ី ស្ថិតក្នុងភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជាលទ្ធផលសរុបបានចំនួន១១១គ្រឿង, ល្មើសច្បាប់ចរាចរណ៍ចំនួន១១១ករណី, រថយន្ត១៧គ្រឿងមានដូចខាងក្រោម៖
១៖ អ្នកបើកបរម៉ូតូមិនពាក់មួក បានចំនួន៧៣គ្រឿង ពិន័យទាំងអស់។
២៖ អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយ បានចំនួន១៥គ្រឿង ពិន័យទាំងអស់។
៣៖ រថយន្តមិនពាក់ខ្សែក្រវ៉ាត់ បានចំនួន០២គ្រឿង ពិន័យទាំងអស់។
៤៖ ម៉ូតូល្មើសផ្លាកសញ្ញាចរាចរណ៍ ចំនួន០៦គ្រឿង ពិន័យទាំងអស់។
៥៖ រថយន្តល្មើសផ្លាកសញ្ញាចរាចរណ៍ ចំនួន០៩គ្រឿង ពិន័យទាំងអស់។
៦៖ ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរអន្តរជាតិ មិនត្រឹមត្រូវចំនួន០៦គ្រឿង ពិន័យចំនួន០១គ្រឿង (តាមអនុក្រឹត្យលេខ៤៤) មិនទាន់ពិន័យចំនួន០៥គ្រឿង រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕