(ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានលើកឡើងថា ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនូវឧក្រិដ្ឋកម្មសាហាវយង់ឃ្នង ដូចក្នុងរបបខ្មែរក្រហម យុវជនកម្ពុជាត្រូវតែសិក្សា និងស្វែងយល់ ចងចាំនូវប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួនឲ្យបានច្បាស់លាស់។
ការលើកឡើងរបស់លោក នេត្រ ភក្ដ្រា ត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅអំឡុងពេលធ្វើបាឋកថា ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូជាង ៤៥០នាក់មកពី ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ប្រវត្តិសាស្ត្រ គឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ដែលចាំបាច់យុវជនទាំងអស់គ្នាត្រូវសិក្សាស្វែងយល់។
ប្រធានផ្នែកកិច្ចការសាធារណៈរូបនេះ ក៏បានជម្រាបជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូទាំងអស់ អំពីប្រវត្តិនៃការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជាដើម្បីជំនុំជម្រះក្តី លើឧក្រិដ្ឋកម្មដែលបានកើតឡើង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយនាំយកមនុស្សពីរជំពូក គឺអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតមកជំនុំ ម្រះក្តី។
បើតាមលោក នេត្រ ភក្ត្រា ជនជាប់ចោទបីរូប គឺនួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាអតីតប្រធានសភាតំណាងប្រជាជន ខៀវ សំផន អតីតប្រមុខរដ្ឋ និងឌុច អតីតប្រធានគុកទួលស្លែងត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ចំពោះបទចោទប្រឆាំងនឹងរូបគាត់។ ដោយឡែក សាលក្រមទី២ ក្នុងសំណុំរឿង០០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន គ្រោងនឹងប្រកាសនៅចុងត្រីមាសទី៣ ឆ្នាំ២០១៨ ទាក់ទងនឹងបទឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម។
លោក នេត្រ ភក្ត្រា បានរំលឹកថា របបខ្មែរក្រហមបានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយត្រូវដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ប្រជាជនកម្ពុជា ចន្លោះពី ១,៧លាន ទៅ២,២លាននាក់ បានបាត់បង់ជីវិតដោយសារការបង្អត់អាហារ ការធ្វើទារុណកម្ម ការសម្លាប់ និងការបង្ខំឲ្យធ្វើការហួសកម្លាំង ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃនៃរបបនោះ។
លោកបានថ្លែងថា តុលាការខ្មែរក្រហមត្រូវបានបង្កើតឡើងក្នុងប្រទេស ដែលឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្តឡើង និងបានផ្តល់ការពិត និងយុត្តិធម៌ ជូនដល់ប្រជាជនកម្ពុជា មិនមែនត្រឹមតែជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទេ ប៉ុន្តែក៏សម្រាប់ជនរងគ្រោះដែលបានរស់រានមានជីវិតផងដែរ។ មិនតែប៉ុណ្ណោះ វត្តមានរបស់សាលាក្តីខ្មែរក្រហម នៅក្នុងប្រទេសកម្ពុជា បានផ្តល់ឱកាសឲ្យយុវជនដែលកើតមិនទាន់របបខ្មែរក្រហម មានឱកាសក្នុងការសិក្សាស្វែងយល់ ពីដំណើរការនីតិវិធីជំនុំជម្រះក្តី ព្រមទាំងសិក្សាពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យផងដែរ៕