(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា អ្នកវិនិយោគកូរ៉េហាក់សម្លឹងឃើញឱកាសវិនិយោគលើវិស័យទេសចរណ៍នៅខេត្តកំពង់ធំ ពិសេសគឺតំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីរួមចំណែកទាក់ទាញ់ភ្ញៀវទេសចរកូរ៉េឲ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។
ដំណឹងដ៏ពិសេសមួយ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សារវាងលោករដ្ឋមន្ត្រី ថោង ខុន ជាមួយលោក លី ហ៊ីយុក អគ្គលេខាធិការថ្មីនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងទេសចរណ៍។
ក្រោយបញ្ចប់ជំនួប លោករដ្ឋមន្ត្រី ថោង ខុន បានឲ្យដឹងថា ភ្ញៀវទេសចរកូរ៉េបានមកទស្សនាកម្ពុជាមានជាង ៣០ម៉ឺននាក់ នៅឆ្នាំ២០១៧ ហើយបើតាមការសង្កេតឃើញ គោលដៅសំខាន់បំផុតរបស់ទេសចរកូរ៉េ គឺតំបន់សៀមរាប-អង្គរ។ ជាមួយគ្នានោះ ទេសចរកូរ៉េក៏កំពុងចាប់អារម្មណ៍លើការទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក នៃខេត្តកំពង់ធំផងដែរ។
ដោយសារមើលឃើញពីនិន្នាការរបស់ទេសចរកូរ៉េដូច្នេះហើយ ទើបមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ បាននាំមកនូវដំណឹងពិសេសមកថា អ្នកវិនិយោគកូរ៉េកំពុងសម្លឹងមើលឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ពិសេសតំបន់ប្រាសាទសំបូរព្រៃគុក នៃខេត្តកំពង់ធំ។
ឆ្លើយតបនឹងការលើកឡើង ដែលស្របនឹងគោលបំណងរបស់កម្ពុជាបែបនោះ លោករដ្ឋមន្ត្រីបានបញ្ជាក់នូវការស្វាគមន៍ និងបានស្នើដល់ភាគីកូរ៉េបន្តជួយអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសនៅខេត្តកំពង់ធំផ្ទាល់តែម្ដង ពីព្រោះខេត្តមួយនេះ ស្របនឹងខ្សែទស្សនកិច្ចរបស់ភ្ញៀវទេសចរនានា ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប-អង្គរ ពោលមុននឹងទៅដល់ខេត្តសៀមរាប ភ្ញៀវទេសចរត្រូវឆ្លងកាត់ខេត្តកំពង់ធំសិន ដែលទីនោះមានតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្អល្អះមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរ។
លោករដ្ឋមន្ត្រីបានបង្ហើបប្រាប់ភាគីកូរ៉េថា ចំពោះខេត្តកំពង់ធំ អ្នកវិនិយោគអាចបង្កើតសណ្ឋាគារថ្មីៗ អាចបង្កើតតារាងវាយកូនគោលដ៏ធំមួយ និងវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។ ម្យ៉ាងទៀត ដោយសារទេសចរកូរ៉ាភាគច្រើនចូលចិត្តទេសចរណ៍បែបវប្បធម៌ និងធម្មជាតិផងនោះ អ្នកវិនិយោគអាចបង្កើត ឬជួយអភិវឌ្ឍសហគមន៍នានានៅក្នុងខេត្តមួយនេះ ពិសេសគឺនៅតំបន់ប្រាសាទសំបូរព្រៃគុកតែម្ដង ដូចជាការជួយធ្វើផ្លូវទៅកាន់សហគមន៍ ការបណ្ដុះបណ្ដាលប្រជាសហគមន៍ឲ្យយល់ដឹងពីវិស័យទេសចរណ៍ជាដើម។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឲ្យភាគីកូរ៉េជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យទេសចរណ៍ បន្តជួយអភិវឌ្ឍអេកូទេសចរណ៍នៅកម្ពុជា ពីព្រោះកូរ៉េក៏យល់ច្បាស់ថា កម្ពុជាសម្បូរតំបន់អេកូទេសចរណ៍ ដែលត្រូវអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនបន្ថែម។ លើសពីនេះ លោក ថោង ខុន បានបញ្ជាក់ថា កម្ពុជាក៏នៅមានសក្ដានុពលក្នុងការវិនិយោគលើវិស័យទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រផងដែរ។
ភាគីទាំងពីបានប្ដេជ្ញាថា នឹងពង្រឹងការអភិវឌ្ឍលើវិស័យទេសចរណ៍ឲ្យបានល្អប្រសើរឡើងថែមទៀត ដើម្បីជំរុញលំហូរទេសចរមកពីសាធារណរដ្ឋលកូរ៉េ ឲ្យមកទស្សនាកម្ពុជាបានកើនឡើងថែមទៀត។
ជាមួយគ្នានោះ អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ក៏បានអញ្ជើញភាគីកម្ពុជាចូលរួមក្នុងសិក្ខាសាលាទេសចរណ៍អាស៊ាន-កូរ៉េដ៏ធំមួយ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកូរ៉េខាងត្បូង នាពេលខាងមុខ និងមានការចូលរួមពីប្រទេសសមាជិកអាស៊ានទាំង១០ផងដែរ ហើយលោករដ្ឋមន្ត្រីក៏បានយល់ព្រមតាមការអញ្ជើញរបស់ភាគីកូរ៉េ ដើម្បីនាំសក្ដានុពលទេសចរណ៍កម្ពុជាផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍ក្នុងតំបន់ និងក្រៅតំបន់៕