(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានទទួលថវិកាពីរាជរដ្ឋាភិបាល ក្នុងការអនុវត្តគំរោងជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ផ្តល់ជូនរាជរដ្ឋាភិបាលគាំទ្រសកម្មភាពកំចាត់មីន របស់អង្គភាពស៊ីម៉ាក់ ដែលមានថវិកាសរុបចំនួន ២.៥លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រព័ត៌មានរបស់ស៊ីម៉ាក់ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២៤ ខែឧសភានេះ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ជំនួយនេះស្ថិតក្រោម «គំរោងជំនួយឥតសំណងចិន ដើម្បីលុបបំបាត់គ្រាប់មីននៅកម្ពុជា»។
លោកបន្តថា អង្គភាពស៊ីម៉ាក់នឹងដាក់ពង្រាយកំលាំងប្រតិបតិ្តការ៖
១៖ បោសសំអាតមីន មនុស្សធម៌នៅខេត្តស្ទឹងត្រែង ព្រះវិហារ សៀមរាប និងខេត្តកំពង់ធំ ជាមួយនេះ ក៍មានក្រុមជំនាញពិសេសសំរាប់ចល័តឆ្លើយនឹងតំរូវការបន្ទាន់ៗផងដែរ។
២៖ ស្រាវជ្រាវពត៌មានគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតំបន់បឹងទន្លេសាប និងខេត្តនៅជាប់បឹងទន្លេសាប ចំនួន៨៤០ភូមិ។
៣៖ ពង្រឹងសមត្ថភាពជំនាញកំចាត់មីនជាតិ នៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន និងមណ្ឌលសុនខហិតមីនជាតិ។
លោក ហេង រតនា បញ្ជាក់ទៀតថា ជំនួយនេះជួយជំរុញល្បឿនបោសសំអាតមីននៅកម្ពុជា និងបំពេញកង្វះថវិកានៃវិស័យមីនដែលត្រូវគាំទ្រកំលាំងស៊ីម៉ាក់។ ជំនួយនេះនឹងជួយឲ្យរក្សាបានកំលាំងស៊ីម៉ាក់សំរេចបានគោលដៅនៃផែនការរបស់ខ្លួន៕