(ឧត្តរមានជ័យ)៖ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានជំរុញលើកឡើងទឹកចិត្ត ដល់សហគមន៍ បន្តធ្វើការពង្រីកសមាជិក និងចងក្រង ជាសហគមន៍កសិកម្មឲ្យបានច្រើន ទាំងការផលិតស្រូវ ការចញ្ចឹមសត្វ ការដាំដុះបន្លែជាដើម។

ការលើកឡើងបែបនេះ បានធ្វើឡើងឱកាសដែលលោក និងសហការី អញ្ជើញចូលរួម ក្នុងកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទា សហគមន៍កសិកម្ម ជាមួយបងប្អូន ប្រជាសហគមន៍ ចំនួន៨០នាក់ តំណាងឲ្យ៣៩ សហគមន៍កសិកម្ម ក្នុងខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ។

ក្នុងកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទា សហគមន៍កសិកម្ម ខាងលើនេះ ក៏មានការចូលរួមពី លោក អ៊ុន សុភ័ក្ត អភិបាលក្រុងសំរោង, លោក ឡឹក រ័ត្ន អនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ, និងលោក ជួរ ផេង ម្ចាស់រោងម៉ាស៊ីនកិនស្រូវ១៦៨៨។

ថ្លែងនៅក្នុងពិធីនោះ លោក កៅ ថាច បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្នុងខេត្តឧត្តរមានជ័យ បានចងក្រងសហគមន៍កសិកម្ម សរុបចំនួន៣៩សហគមន៍ ដែលមានសមាជិកសរុប ៣,៣៥៩នាក់ ក្នុងនោះស្ត្រី ២,១៤៦នាក់ ទុនសម្រាប់ វិនិយោគ មាន១,២៧៨​,៨០៧,៩៧៤ រៀល។

លោកបន្ដថា ក្នុងនោះ មានផ្ទៃដីដាំដុះស្រូវ ៨,៩៧៥ហិកតា, ដំឡូងមី ៧,២៣១ ហិកតា, ស្វាយកែររមៀត ១៩១ ហិកតា, ស្វាយចន្ទី ៦២៨ ហិកតា, សណ្តៀកសៀង ៣៧៧ ហិកតា និងផ្ទៃដីដាំ បន្លៃ១០៧ហិកតា។

តាមរយៈបទអន្តរាគមន៍របស់អគ្គនាយក RDB ក្នុងកម្មវិធីនេះ លោកបានផ្តល់ព័ត៌មានមួយចំនួន អំពីការរីកចម្រើន នៃសេដ្ឋកិច្ចប្រទេសកម្ពុជា ជូនដល់បងប្អូនសហគមន៍ និងអំពីការយក ចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកថា ក្នុងនោះ រាជរដ្ឋាភិបាល បានធ្វើការទំលាក់នូវកញ្ចប់ឥណទានពិសេស ជាបន្តបន្ទាប់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីដោះស្រាយ រួមមាន៖

* បញ្ហាទីផ្សារស្រូវ៖ តាមរយៈរោងម៉ាស៊ីនកិនស្រូវ ដែលទទួលបានឥណទាន ពិសេសពីរាជរដ្ឋាភិបាល ផ្តល់ជូនធនាគារអភិវឌ្ឍន៍ជនបទ តំលៃស្រូវរបស់បងប្អូន ត្រូវបានធានាទិញ តាមតំលៃទីផ្សារ។

ដូចនេះ ក្នុងរដូវប្រមូលផលស្រូវខាងមុខនេះ បងប្អូននឹងមិនមានការបារម្មណ៍ទៀតឡើយ។ បន្ថែមលើនេះ លោកបន្តជំរុញឲ្យសហគមន៍ពង្រឹងការចញ្ចឹមសត្វ និងដាំដុះបន្លែ ដោយគ្មាន សារធាតុគីមីផងដែរ។

* កម្ចីឥណទាន៖ ធនាគារអភិវឌ្ឍន៍ជនបទ លើកទឹកចិត្តដល់សហគមន៍ ក្នុងករណីមានតម្រូវការឥណទាន ធនាគាររីករាយសហការណ៍ ផ្តល់ឥណទានជូនដោយអត្រាការប្រាក់ទាប។

បន្ថែមលើនេះ លោក កៅ ថាច ជំរុញឲ្យសហគមន៍កសិកម្មនៅក្នុងតំបន់ ក្រុមហ៊ុនផ្គត់ផ្គង់ជីកសិកម្ម ថ្នាំ ពូជ និងក្រុមហ៊ុនប្រមូលទិញកសិផល ត្រូវមានទំនាក់ទំនងគ្នា ដើម្បីពិភាក្សាគ្នា ពីតម្រូវការ និងបញ្ហាផ្សេងៗ ដើម្បីឈានទៅរកការចាប់ដៃគូ ចុះកិច្ចសន្យារួមគ្នា។

ការសម្រេចបាននូវវត្ថុបំណងនេះ នឹងផ្តល់ឱកាស ឲ្យសហគមន៍កសិកម្មបង្កើតបណ្តាញមុខជំនួញជាមួយគ្នា និងសម្រួលដល់ការទិញធាតុ ចូលកសិកម្មក្នុងទំហំធំ ដែលមានតម្លៃទាប និង បង្កើតទំនិញរួមគ្នា ដែលងាយស្រួលលក់កសិផល ដែលផលិតបានទៅទីផ្សារច្បាស់លាស់។ ទន្ទឹមនេះ ធនាគារអភិវឌ្ឍន៍ជនបទ នឹងដើរតួរធ្វើជាអ្នកតភ្ជាប់រវាង តួអង្គទាំងអស់ ក្នុងវិស័យ កសិកម្ម។

លោក កៅ ថាច ក៏បានលើកទឹកចិត្ត ដល់សហគមន៍ បន្តធ្វើការពង្រីកសមាជិក និងចងក្រងជាសហគមន៍កសិកម្ម ឲ្យបានច្រើន ទាំងការផលិតស្រូវ ការចញ្ចឹមសត្វ ការដាំដុះបន្លែ ជាដើមហើយ ក្នុងនោះធនាគារអភិវឌ្ឍន៍ជនបទ រីករាយសហការណ៍ក្នុងការទំលាក់ឥណទាន ដោយអត្រាការប្រាក់សមរម្យ៕