(ព្រៃវែង)៖ នៅសប្តាហ៍នេះ នៅទីលានបាល់ទាត់ នៃវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានបើកការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់របស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ត្រូវបានបើកឲ្យដំណើរការ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក សុខ ខេមរិន អនុប្រធានទី១ ក្រុមការងារយុវជនបក្សស្រុកកញ្ជ្រៀច និងលោក ឈឿន ប៊ុនឆន អនុប្រធានទី១ ក្រុមការងារយុវជនគណបក្ស ស្រុកស្វាយអន្ទរ តំណាងលោក ឌី វិជ្ជា ប្រធានក្រុមការងារយុវជនគណបក្សស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីក្រុមប្រឹក្សាស្រុក អភិបាលអភិបាលរងស្រុក ក្រុមយុវជន ស.ស.យ.ក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមាតាបិតាសិស្ស ព្រមទាំងកីឡាករក្នុងស្រុកទាំង២ខាងលើយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះលោក ឈឿន ប៊ុនឆន បានថ្លែងថា ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់នេះ គឺជាលើកទី១ហើយ ដែលកន្លងមកមិនធ្លាប់មានទេ គឺមានតែការប្រកួតជាមិត្តភាពសាមគ្គីភាព រវាងស្រុក និងស្រុកតែប៉ុណ្ណោះ។
ក្រោមការផ្តួចផ្តើមរួមគំនិតពីក្រុមការងារថ្នាក់ជាតិ នៃគណបក្សប្រជាជនកម្ពុជា បានសហការគ្នាបង្កើតឲ្យមានកម្មវិធីប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់របស់សន្តិបណ្ឌិត នេត សាវឿន ហើយការប្រកួតកីឡាបាល់ទាត់នេះ ឡើងគោលបំណងសំខាន់ គឺដើម្បីរឹតបំណងសាមគ្គីភាព សហប្រតិបត្តិការរវាងយុវជនគណបក្ស ស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ ឲ្យបានកាន់តែល្អប្រសើរឡើង។
ជាពិសេសដឹកនាំកីឡាករទាំងអស់ ឲ្យទទួលបាននូវសុខភាពល្អជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗ បង្កើនសក្តានុពលរបស់យុវជនជំនាន់ក្រោយ ដែលជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ និងរបស់គណបក្សប្រជាជននាពេលអនាគត។ សាមគ្គីភាពគឺជាចលនា នៃដួងព្រលឹងដែលយើងមិនអាចបំភ្លេចបានឡើយ។
ក្រុមកីឡាករដែលត្រូវចូលរួមប្រកួតមាន៨ក្រុមដោយក្រុមទី១ ជាកីឡាករក្រុមយុវជនមកពីគណបក្សស្រុកស្វាយអន្ទរ, ក្រុមទី២ កីឡាករក្រុមយុវជនមកពីគណបក្សស្រុកកញ្ជ្រៀច, ក្រុមទី៣ កីឡាករគ្រូពេទ្យ និងគ្រូបង្រៀនមកពីស្រុកកញ្ជ្រៀច, ក្រុមទី៤ កីឡាករមកពីក្រុមយុវជនឃុំព្រាលស្រុកញ្ជ្រៀច, ក្រុមទី៥ កីឡាករក្រុមយុវជនមកពីឃុំជ្រៃស្រុកស្វាយអន្ទរ, ក្រុមទី៦ កីឡាករក្រុមអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ, ក្រុមទី៧ កីឡាករក្រុមយុវជនជាសិស្សវិទ្យាល័យពានរោង និងក្រុមទី៨ កីឡាករក្រុមយុវជនសិស្សវិទ្យាល័យដីរីពួន។
ចំពោះក្រុមកីឡាករបាល់ទាត់ដែលចូលរួមប្រកួតទាំង៨ក្រុមនេះ សរុបស្រុកកញ្ជ្រៀច៣ក្រុម, ស្រុកស្វាយអន្ទរ៥ក្រុម។ ដោយការប្រកួតមានលក្ខណៈជម្រុះ គឺអ្នកចាញ់មិនបានចូលរួមប្រកួតបន្តទៀតទេ។ រីឯអ្នកឈ្នះប្រកួតជាបន្តបន្ទាប់រហូតដណ្តើមបានពានរង្វាន់។
កម្មវិធីប្រកួតនេះមានរយៈពេល៣ថ្ងៃដែលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ដែលជាថ្ងៃដំបូនេះមាន៤ប្រកួត។ ថ្ងៃទី២២ សម្រាក ថ្ងៃទី២៣ ចាប់ផ្តើមប្រកួតបន្ត គឺអ្នកឈ្នះជួបអ្នកឈ្នះ។ ថ្ងៃទី២៤.២៥.២៦ សម្រាកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ទើបផ្តាច់ព្រ័ត្រយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។
ចំពោះពានរង្វាន់លេខ១ ទទួលបានពាន១ មេដាយ១៦គ្រឿង និងថវិកា៣លានរៀល, លេខ២ មានពាន១៦គ្រឿង និងថវិកា១លាន ២០ម៉ឺនរៀល និងលេខ៣ មានមេដាយ១៦គ្រឿង និងថវិកា៨០ម៉ឺនរៀល។ លោក ឈឿន ប៊ុនឆន បានកោតសរសើរដល់អាជ្ញាធរសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ ក្រុមយុវជនព្រមទាំងប្រជាពលរដ្ឋ ក៏ដូចជា មាតាបិតាកីឡាករដែលបានជួយគាំទ្រ ដល់ការប្រកួតកីឡាបាល់ទាត់នេះ ទាំងកម្លាំងចិត្ត និងថវិកាចូលរួមជួយឧបត្ថម្ភក្នុងកម្មវិធីនេះផងដែរ។
ទន្ទឹមនោះដែរ យុវជន យុវនារី និងមាតា បិតា កីឡាករក៏បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរអរគុណចំពោះថ្នាក់ដឹកនាំ ដែលជាក្រុមការងារថ្នាក់ជាតិ និងក្រុមការងារយុវជនគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ ដែលបានបង្កើតកម្មវិធីកីឡាបាល់ទាត់ដណ្តើមពានរង្វាន់នេះឡើង ព្រោះកីឡាសំខាន់ណាស់សម្រាប់សុខភាពសាមគ្គីភាព ពិសេសអាចនាំឲ្យយុវជនជំនាន់ក្រោយជៀសផុតពីគ្រឿងញៀន និងពីអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម៕