(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសថា ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចរ រាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារសំខាន់ ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត និងចំណាត់ថ្នាក់លេខ១៣ជាគោលដៅ ទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ។
នេះគឺជាឆ្នាំទី៥ហើយ ដែលអង្គរត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នាតាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា គឺ កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។
បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រ TripAdvisor។ នៅឆ្នាំ២០១៦ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវែបសាយ ទស្សនាវដ្តី និងសៀវភៅ ជាដើម។ នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ TripAdvisor ក៏បានបន្តផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជាក្នុងឋានៈជាសំណង់ដ៏មានសារសំខាន់ផ្នែកប្រវត្តិសាស្ត្រ អស្ចារ្យបំផុតក្នុងលោក។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នេះជាមោទនភាពមួយរបស់ជាតិខ្មែរយើងទាំងមូល ដែលអង្គរវត្តរបស់កម្ពុជាទទួលបានការគាំទ្រពីបណ្តាប្រជាជនជុំវិញពិភពលោក។ ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សូមចូលរួមអបអរសាទរ និងសូមអំពាវនាវដល់សាធារណជនទាំងអស់បន្តចូលរួមថែរក្សា ការពារនូវបេតិកភណ្ឌរបស់ដូនតាយើងឲ្យបានខ្លាំងក្លាដើម្បីភាពគង់វង្សយូរអង្វែងតទៅ៕