
អ្នកភូមិទួលសំបូរ ខណ្ឌដង្កោរាប់រយនាក់ បានប្រកាសពីការត្រៀមទៅបោះឆ្នោតនៅថ្ងៃខាងមុខ ដើម្បីចូលរួមរក្សាសន្ដិភាព និងបន្ដការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
24-05-2018 17:01
(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសថា ពួកគេនឹងទៅចូលរួមបោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីចូលរួមថែរក្សាសន្ដិភាព និងមានឱកាសបន្ដការអភិវឌ្ឍន៍ជារៀងរហូត។
ក្រៅពីប្រកាសថានឹងទៅចូលរួមបោះឆ្នោតហើយនោះ ប្រជាពលរដ្ឋជាច្រើនគ្រួសារខាងលើ ក៏បានគូសបញ្ជាក់ថា ពួកគាត់មានភាពជឿជាក់លើការដឹកនាំប្រទេស របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយការបោះឆ្នោតខាងមុខនេះ ពួកគាត់នឹងបន្ដបោះឆ្នោតជូនសម្ដេចតេជោ។
ការប្រកាសយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាស លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌដង្កោ បានចុះសំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់សំណើ សំណូមពរ និងតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេស ជូនប្រជាពលរដ្ឋឲ្យបានយល់ជ្រាបកាន់តែច្បាស់ផងដែរ៕