(ភ្នំពេញ)៖ នៅសល់រយៈពេលតែជាងមួយខែទៀតប៉ុណ្ណោះ យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនីមួយៗ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នឹងចាប់ផ្តើមហើយ។ និយាយដល់យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ គេក៏នឹងឃើញដល់ការឃោសនារកសំឡេងរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ កាលពីឆ្នាំ២០១៣ផងដែរ។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៥ ឆ្នាំ២០១៣ ត្រូវបានគេចាត់ទុកជាការបោះឆ្នោតមួយ ដែលមានសកម្មភាពនយោបាយប្រកួតប្រជែងមួយយ៉ាងផុលផុសជាទីបំផុត។ ក្នុងនោះគណបក្សនយោបាយធំៗចំនួនពីរ គឺគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច និងអតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សក្រៅរដ្ឋាភិបាលបានធ្វើសកម្មភាពខ្លាំងក្លា ទាំងសកម្មភាពនយោបាយ និងការឃោសនារកសំឡេងឆ្នោត។

ក្រៅពីគណបក្សប្រជាជនកម្ពុជា នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត អតីតគណបក្សសង្គ្រោះជាតិ ក៏គេសង្កេតឃើញថា មានយុវជន យុវតីជាច្រើនបានចូលរួមធ្វើសកម្មភាព ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។ ក្រុមយុវវ័យហាក់មានសមានចិត្តច្រើនជាមួយអតីតបក្សក្រៅរដ្ឋាភិបាលមួយនេះ ហើយក្នុងនោះអ្នកគាំទ្រមិនត្រឹមតែស្ម័គ្រចិត្តផ្តល់លុយគាំទ្រសកម្មភាពបក្សប៉ុណ្ណោះទេ ថែមទាំងសុខចិត្តបិទទ្វារអាជីវកម្ម ខកខានការសិក្សារៀនសូត្រ និងការងារផ្សេងៗ ចូលរួមធ្វើសកម្មភាពដង្ហែបក្សដោយផ្ទាល់ថែមទៀតផង។

គ្រាដែលការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ ខិតជិតមកដល់គេក៏ឃើញមានអ្នកគាំទ្រ ក៏ដូចជាអតីតសកម្មជនដ៏ងុបងុលមួយចំនួន របស់អតីតគណបក្សសង្គ្រោះជាតិ បាននឹករលឹកដល់សកម្មភាពរបស់ពួកគេ កាលពីឆ្នាំ២០១៣ ហើយបានគាស់រំលើងអនុស្សាវរីយ៍នោះឡើងមកវិញផងដែរ។ តែក្នុងនោះក៏ឃើញមានអ្នកគាំទ្រដ៏ងុបងុលខ្លះ ចេញមកបង្ហាញការសោកស្តាយចំពោះសកម្មភាពរបស់ពួកគេកាលពីឆ្នាំ២០១៣ ខ្លះទៀតលើកបង្ហាញពីការខកបំណង និងចាត់ទុកអ្វីដែលខ្លួនបានធ្វើពេលនោះគ្រាន់តែ ជាការលង់ជឿចំពោះអតីតបក្សមួយនេះដោយខ្វះការពិចារណា និងខ្លះទៀតថាទង្វើរបស់ខ្លួនគ្រាន់តែ ជាការភ្លើតភ្លើនមួយខ្យល់ប្រៀបដូចសត្វមមាចលង់ខ្លួន សប្បាយជ្រើមជ្រួលជាមួយភ្លើងពណ៌។

អ្នកគាំទ្រដ៏ងុបងុលអតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី ពៅ ម៉ាលីស ដែលជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងជាម្ចាស់ហាងម៉ាស្សាឈ្មោះ «ម៉ាស្សាម្លិះ៣៣៣» បានបង្ហាញបង្ហាញអារម្មណ៍ខកចិត្ត និងរៀបរាប់សកម្មភាពមួយចំនួនរបស់ខ្លួនក្នុងពេលលង់ជឿជាមួយអតីតគណបក្សសង្គ្រោះជាតិថា ធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់ពីខ្លួន ដោយគ្មានពេលគ្រប់គ្រងបុគ្គលិក និងគ្រប់គ្រងមុខរបរ ហើយបានដកលុយជួយអតីតគណបក្សសង្គ្រោះជាតិថែមទៀត តែទីបញ្ចប់គ្មានសល់អ្វីនោះឡើយ។

អ្នកស្រីថែមទាំងរំលឹកដល់មនុស្សមួយចំនួន កុំឲ្យលង់ជឿលើគណបក្សនយោបាយណាមួយ ដោយខ្វះការពិចារណាថែមទៀតផង។ ជាមួយការបង្ហាញរូបភាពជាច្រើនសន្លឹកពេលធ្វើសកម្មភាពដង្ហែបក្ស និងរូបអនុស្សាវរីយ៍ជាមួយអ្នកស្រី ជូឡុង សូម៉ូរ៉ា ភរិយារបស់លោកសម រង្ស៊ី ផងនោះ អ្នកស្រី ពៅ ម៉ាលីស បានបញ្ជាក់យ៉ាងដូច្នេះ «រឿងខ្លះបើយើងមិនប្រឡូក ក៏យើងមិនដឹងថាវាយ៉ាងម៉េចទេ នេះគ្រាន់តែជាអនុស្សារីយ៍កន្លងមក ភាពភ្លើតភ្លើនតាមការញុះញង់ និងភាពល្ងង់ខ្លៅមួយពេលរបស់ខ្ញុំ ធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់រលីងពីខ្លួន ដោយគ្មានពេលគ្រប់គ្រងបុគ្គលិក និងគ្រប់គ្រងមុនរបរ ដកលុយជួយគេ
ដល់ទីបញ្ចប់ តើនរណានៅស្គាល់ខ្ញុំ? គ្មាននរណាមកទិញខ្ញុំទេ គឺខ្ញុំទិញខ្លួនឯងតែម្ដង។ កុំឲ្យភ្លើ ឲ្យគេបោកប្រើ តទៅទៀត ប្រយត្ន័រកតែបាយឲ្យកូនស៊ីមិនបាន»

ក្រៅពីអ្នកស្រី ពៅ ម៉ាលីស គេបានឃើញអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិមួយចំនួន ក៏ធ្លាប់បង្ហាញសារប្រហាក់ប្រហែលគ្នានេះផងដែរ។ តាមរយៈសារទាំងនេះ វាជាការដាស់ស្មារតីមួយផងដែរ ដល់ប្រជាពលរដ្ឋឲ្យមានការត្រិះរិះពិចារណាមុននឹងជឿលើកអ្នកនយោបាយ ហើយត្រូវថ្លឹងថ្លែងក្នុងការធ្វើសកម្មភាពនយោបាយ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ជីវភាព និងការប្រកបអាជីវកម្មរបស់ខ្លួន៕