(កណ្តាល)៖ កម្លាំងនគរបាលខេត្តកណ្តាល បើកប្រតិបត្តិការ ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយឃាត់ខ្លួនបានជនសង្ស័យបានម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន ចំនួន៦៤កញ្ចប់តូច ស្ថិតនៅចំណុចត្រពាំងទឹក ភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលខេត្តកណ្តាល បានថ្លែងប្រាប់ភា្នក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ ឱ្យដឹងថា នាថ្ងៃទី២៣ ខែឧសភា កម្លាំងនគរបាលជំនាញបានទទួលព័ត៌មានពីប្រជាពរដ្ឋ ថាមានជនសង្ស័យកុំពុង ធ្វើសកម្មភាពចែកចាយគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ រួចក៏បានប្រទះឃើញជនសង្ស័យ កំពុងធ្វើសកម្មភាព ក៏ចុះឃាត់ខ្លួនដើម្បីត្រួតពិនិត្យ និងឆែកឆេរលើខ្លួនជនសង្ស័យរកឃើញថ្នាំញៀន នៅជាប់នឹងខ្លួនចំនួន៦៤កញ្ចប់តូច តែម្តង។
នគរបាលបានបន្តថា ក្រោយពីទទួលបទបញ្ជាពីលោកស្នងការ និងដឹកនាំដោយលោកឧត្តសេនីយ៍ស្នងការងទទួល ផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមទទួលការឯកភាពពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកណ្ដាល និងកម្លាំងចម្រុះក្នុងមូលដ្ឋាន ចុះទៅឆែកឆេរលំនៅដ្ឋានជនសង្ស័យរកឃើញថង់វេចខ្ចប់មួយចំនួន និងវត្ថុតាងមួយចំនួនទៀតផងដែរ។ នៅចំពោះមុខនគរបាល ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានទិញថ្នាំញៀនពីជនមិនស្គាល់ឈ្មោះ ដើម្បីយកចែកចាយបន្ត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕