(កោះកុង)៖ បើនិយាយពីខេត្តកោះកុង ប្រជាពលរដ្ឋនឹងស្គាល់គ្រប់គ្នា ក៏ប៉ុន្តែនៅតំបន់មួយចំនួនបានបង្កប់នូវអាថ៌កំបាំង និងមានសក្តានុពលលើវិស័យកសិកម្មដំណាំហូបផ្លែ។ ជាក់ស្តែងស្រុកថ្មបាំង ស្ថិតនៅក្នុងចំណោមស្រុកទាំង៧ ដែលបានបង្កនូវដីដ៏មានជីវជាតិ រួមជាមួយដំណាំធូរេន ទៀបបារាំង និងដំណាំកសិកម្មមួយចំនួនទៀត។
លោក លីន គឹមឆែ អ្នកសម្របសម្រួលរបស់អង្គការសេដាក បានថ្លែងថា ពលរដ្ឋមួយចំនួនប្រហែលជា មិនបានស្គាល់នូវរសជាតិផ្លែឈើ ដែលបានដាំនៅក្នុងស្រុកថ្មបាំង ជាពិសេសរសជាតិផ្លែធូរេន និងទៀបបារាំង ឬក៏មិនបានស្គាល់ថា នៅក្នុងស្រុកនេះ មានពូជធូរេន មួយប្រភេទ ដែលបញ្ជាក់សម្គាល់អត្តសញ្ញាណរបស់ស្រុកនេះនោះទេ។
លោកបន្តថា សម្រាប់គុណភាពផ្លែធូរេន នៅស្រុកថ្មបាំង មានគុណភាពមិនចាញ់ផ្លែធូរេន នៅតាមបណ្តាលខេត្តមួយចំនួនដូចជា៖ ខេត្តកំពត, ខេត្តរតនគិរី, ខេត្តកំពង់ចាម និងខេត្តមណ្ឌលគិរីនោះទេ។
មន្ត្រីរបស់អង្គការសេដាករូបនេះ បានបន្តថា ដីនៅក្នុងស្រុកថ្មបាំង បានជីវជាតិល្អ និងមានសីតុណ្ហភាព សមស្របសម្រាប់ដំណាំហូបផ្លែដូចជា៖ ធូរេនថ្មបាំង, ដំណាំទៀបបារាំង, ដំណាំចេក, អំពៅ, ដំណាំផ្លែប័រ, ដំណាំផាសិន និងដំណាំកសិកម្មមួយចំនួនផ្សេងទៀត ហើយបច្ចុប្បន្ននេះ ចំការធូរេន និងចំការទៀបបារាំង នៅក្នុងស្រុកមានចំនួនរាប់រយហិចតា កំពុងតែហុចផល ក៏ប៉ុន្តែមិនមានអ្នកចាប់អារម្មណ៍នៅឡើយទេ។
លោក លីន គឹមឆែ បានបញ្ជាក់ថា ដាំនៅទីនេះមិនប្រើប្រាស់ជីគីមីទេ ប៉ុន្តែគ្រប់ដំាំណាំទទួលបានទិន្នផលស្ទើរតែមួយ១០០ភាគរយ។ ដូច្នេះហើយអង្គការសេដាក បានចុះសិក្សាពន្យល់ពីបច្ចេកទេសនានា ដើម្បីប្រែក្លាយដំណាំទាំងឱ្យមានសក្តានុពល និងទទួលបានទិន្នផលខ្ពស់ ជាពិសេសអាចនាំចេញ មកទីផ្សារឱ្យច្រើនបន្ថែមទៀត។
លោកសង្ឃឹមថា ប្រសិនបើការវិនិយោគលើដំណាំធូរេន នៅក្នុងស្រុកថ្មបាំង មានចំនួនផ្ទៃដីកើនឡើងនោះ នៅក្នុងរយៈពេលណាមួយ វានឹងអាចចូលរួមការផ្គត់ផ្គង់ តម្រូវការនៅក្នុងប្រទេសបានមួយចំនួនធំ ក្នុងរដូវប្រមូលផលផងដែរ៕