(ភ្នំពេញ)៖ លោកបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានអំពាវនាវទៅដល់អ្នកអភិវឌ្ឍអចលនទ្រព្យ ម្ចាស់សំណង់ អ្នកសិក្សាគម្រោងប្លង់ ក៏ដូចជាអ្នកគ្រប់គ្រងការដ្ឋានសាងសង់ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ រក្សាព្រលឹងវប្បធម៌ជាតិ នៅក្នុងស្នាដៃស្ថាបត្យកម្មរបស់ខ្លួន។
ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ប៉ែន សុផល អញ្ជើញចូលរួមជាអធិបតីក្នុងពិធី «សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារពហុមុខងារសម្រាប់ ការិយាល័យសេវាកម្ម និងពាណិជ្ជកម្ម Exchange Square» ស្ថិតនៅផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ។
ថ្លែងនៅក្នុងពិធីនោះ លោកបណ្ឌិត ប៉ែន សុផល បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់អ្នកអភិវឌ្ឍអចលនទ្រព្យ ម្ចាស់សំណង់ អ្នកសិក្សាគម្រោងប្លង់ ក៏ដូចជាអ្នកគ្រប់គ្រង ការដ្ឋានសាងសង់ទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់រក្សា ព្រលឹងវប្បធម៌ជាតិ នៅក្នុងស្នាដៃស្ថាបត្យកម្មរបស់ខ្លួន»។
លោកបណ្ឌិត បានបញ្ជាក់ទៀតថា អ្នកអភិវឌ្ឍអចលនទ្រព្យ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ នូវបទប្បញ្ញត្តិនគរូបនីយកម្ម សំណង់ បរិស្ថាន ការអភិវឌ្ឍបៃតង និងចូលរួមទទួលខុសត្រូវ លើកិច្ចការសង្គម ជាពិសេសការចូលរួមអភិវឌ្ឍលំនៅឋាន សម្រាប់អ្នកមានប្រាក់ចំណូលទាប និងប្រាក់ចំណូលមធ្យមកម្រិតទាប។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដីបានបញ្ជាក់ទៀតថា ការវិនិយោគវិស័យសំណង់ ក្នុងឆ្នាំ២០១៧ បានកើនដល់ ៦,៧៩៨លានដុល្លារអាមេរិក ពោលគឺបានកើនឡើង២១.៨៤% បើធៀបនឹងឆ្នាំ ២០១៦ មានទុនវិនិយោគជាង ៥,៥០០ លានដុល្លារអាមេរិក។
លោកថា វិស័យសំណង់ បានបង្កើតការងារដល់កម្មករ និងអ្នកជំនាញធ្វើការ នៅតាមការដ្ឋានសំណង់ទូទាំងប្រទេស ជាមធ្យមប្រមាណ ២៥៥,០០០ ទៅ ២៦០,០០០នាក់ ក្នុងមួយថ្ងៃ ក្នុងនោះរាជធានីភ្នំពេញ មានចំនួនកម្មករដែលបម្រើការងារសំណង់ ប្រមាណពី១៣០,០០០ នាក់ ទៅ១៣៥,០០០នាក់។
សូមបញ្ជាក់ថា អគារពាណិជ្ជកម្ម Exchange Square ដែលត្រូវបានសម្ពោធនេះ មាន១៦ជាន់, មានកម្ពស់ ១១៧.១៥ម៉ែត្រ មានក្រឡាផ្ទៃបាតសំណង់ចំនួន ៤,១៦៧ ម៉ែត្រការ៉េ និងមានក្រឡាផ្ទៃសំណង់ សរុបចំនួន ៥៩,៨៤១ ម៉ែត្រការ៉េ ក្រោមទុនវិនិយោគប្រមាណ១០០លានដុល្លារ ស្ថិតក្រោមការគ្រប់គ្រងរបស់ហុងកុងលែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីឈ្មោះ៕