(ភ្នំពេញ​)៖​ មានករណីភ្ញាក់ផ្អើល​មួយកើតឡើង​ បន្ទាប់ពីមានរថយន្តស៊េរីទំនើប​ មួយគ្រឿង​ ម៉ាក Bentley បានបើកឡើងទ្រូងផ្លូវទាំងកណ្តាលថ្ងៃត្រង់​ ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើឡើងនៅថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ​២០១៨​នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវ6R សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បាន​ឲ្យដឹងថា​ មុនកើតហេតុ​​​គេបានឃើញរថយន្តស៊េរីទំនើប​ មួយគ្រឿង​ បានបើកបរដោយបុរសម្នាក់​ ដោយនោះមានអ្នកជិះក្នុងរថយន្តចំនួន​​២នាក់​ បានធ្វើដំណើរពីកើតមកលិច​ ខណៈពេលធ្វើដំណើរមកដល់ចំណុចផ្លូវកោងខាងលើ​ ស្រាប់តែរថយ​ន្ត​នេះ​ បានជ្រុលចង្កូតឡើងលើទ្រូងផ្លូវ​ បណ្តាលឲ្យរថយន្តខាងលើរងការខូចខាតផ្នែកខាងមុខ​ ចំហៀងខាងឆ្វេង។ ក្រោយពេលកើតហេតុ​ គេបានឃើញម្ចាស់រថយន្តខាងលើ​ ឡើងជិះរថយន្ត​​មួយគ្រឿង​ទៀត ចេញពីកន្លែងកើតហេតុ​ ដោយទុ​កតែរថយន្តខាងលើនៅទីនោះ​។

ក្រោយមក​​ក៏បានឃើញភាគីខាងរថយន្តស៊េរីទំនើបចុះមកដល់​ និងបានចរចារចេញថ្លៃខូចខាតជូនទៅអាជ្ញាធរ​ ដើម្បីបញ្ចប់រឿងគ្រោះថ្នាក់ចរាចរណ៍នេះ​។ ចំណែកឯរថយន្តខាងលើ​ ត្រូវបានដឹកយកទៅជួសជុលដោយខ្លួនឯង៕