(ភ្នំពេញ)៖ ថវិកាមួយចំនួន និងគ្រឿងឧបភោគបរិភោគ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកមកប្រគល់ជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដើម្បីជួយសម្រួលក្នុងការដោះជីវភាពប្រចាំថ្ងៃបានមួយចំនួន ក្នុងនោះ មានទាំងម្ដាយរបស់ជំនួយការភូមិមានជម្ងឺដុះសាច់ក្នុងពោះវៀន និងអ្នកជម្ងឺដ៏ទៃទៀត ជាមួយ និងជនចាស់ជរា ព្រមទាំងស្ត្រីកូនខ្ចីផងដែរ សរុបចំនួន៣៤គ្រួសារ ក្នុង៦សង្កាត់ មានសង្កាត់ច្រាំងចំរេះទី១ សង្កាត់ទួលសង្កែទី២ សង្កាត់ទួលសង្កែទី១ សង្កាត់ទួលសង្កែទី២ សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ការចុះចែកអំណោយនេះ បានធ្វើឡើងចាប់តាំងពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ «ពោលគឺ៤ថ្ងៃផ្ទួនៗគ្នា» តាមរយៈលោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ខណ្ឌឬស្សីកែវ រួមដំណើរដោយសហការីមួយចំនួន តំណាងឲ្យលោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលខណ្ឌឬស្សីកែវ។

ថ្លែងនាឱកាសនោះ លោកស្រី អាន ផល្លា បានផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថា សូមឲ្យជួយសហការ និងរាយការណ៍ផង ពីស្ថានភាពជាក់ស្ដែង ពិតប្រាកដរបស់ជនទីទាល់ក្រ គ្មានទីពឹង គឺជនងាយរងគ្រោះ ដើម្បីមានវិធានការពាំនាំយកទៅជម្រាបជូន លោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលខណ្ឌឬស្សីកែវ ក្នុងការរិះរកដំណោះស្រាយជូន ឲ្យទាន់សភាពការ ដើម្បីពង្រឹងឲ្យកាន់តែមានតម្លាភាពស្របទៅតាមអនុសាសន៍ដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ៕