(ភ្នំពេញ)៖ ជនសង្ស័យចំនួន១០នាក់ មានស្រីម្នាក់ ពាក់ព័ន្ធប្រើប្រាស់ និងជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពចម្រុះ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបាន ខណៈពួកគេកំពុងធ្វើសកម្មភាព ព្រមទាំងដកហូតវត្ថុតាងមួយចំនួនធំ។
លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាព ខណ្ឌឫស្សីកែវ បានអះអាងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង១០នាក់ ខាងលើនេះ គឺនៅក្នុងប្រត្តិបត្តិការដែលមាន លោក លីន ញ៉ក់, លោក ស៊ូ សោគន្ធ និងលោក ប្រាជ្ញ សីហា ជាអភិបាលរងខណ្ឌ បានបែងចែកជា៣ក្រុម និងចូលរួមមានកម្លាំងសមត្ថកិច្ច អាវុធហត្ថ ប្រជាការពារ និងមន្ត្រីពាក់ព័ន្ធសរុប១៦៨នាក់ ក្រោមការសម្របសម្រួលពី លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមភូមិសាស្ត្រមួយចំនួន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែទី១។
លោក ជា ពិសី បានបញ្ជាក់ថា ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ មានការដឹកនាំដោយលោក លីន ញ៉ក់ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យគ្រឿងញៀន ចំនួន២គោលដៅ ដោយឃាត់ជនសង្ស័យបានចំនួន១០នាក់ ដោយក្នុងនោះ គោលដៅទី១ ក្នុងសាលាបឋមសិក្សាបឹងឈូក និងរោងស្នាក់នៅក្រោយសាលាបឹងឈូក ស្ថិតក្នុងក្រុម២ ភូមិបឹងឈូក ដោយឃាត់ខ្លួនបាន២នាក់ និងភស្តុតាងមួយចំនួន និងគោលដៅទី២ នៅត្រង់ចំណុចអ្នកតាក្ដាម ក្នុងភូមិក្រោលគោល ឃាត់ខ្លួនបាន៨នាក់ និងស្តុតាងមួយចំនួន។
លោកបានបញ្ជាក់ទៀតថា ក្នុងសង្កាត់ឫស្សីកែវ មានការដឹកនាំដោយលោក ស៊ូ សោគន្ធ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យគ្រឿងញៀន តាមបន្ទប់ជួល-ផ្ទះជួល ចំនួន៣ទីតាំង ស្មើនឹង ២៧០បន្ទប់ ស្ថិតក្នុងភូមិចំនួន៣ មានភូមិឃ្លាំងសាំង១ទីតាំង ស្មើនឹង ១៥០បន្ទប់ ដោយពុំមានសកម្មភាពណាមួយគួរឲ្យគត់សម្គាល់ឡើយ។ ដោយឡែក ក្នុងភូមិសាមគ្គី បានចុះត្រួតពិនិត្យ១ទីតាំង ស្មើនឹង១២០បន្ទប់ និងមានជនសង្ស័យមួយចំនួនគេចខ្លួន ដោយសារតែផ្ទះប្រជាពលរដ្ឋបានបិទគ្មានភ្លើងបំភ្លឺក្នុងបរិវេណផ្ទះជួល និងបន្ទប់ជួលមួយចំនួន បានបើកភ្លើងតែចាក់សោ ពុំមានមនុស្សក្នុងបន្ទប់នោះទេ។ រីឯភូមិបឹងសាឡាង តាមបណ្តោយផ្លូវអតីតផ្លូវរថភ្លើង ពុំមានសកម្មភាពណាមួយគួរឲ្យគត់សម្គាល់នោះឡើយ។
ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា ក្នុងសង្កាត់ទួលសង្កែទី១ ដឹកនាំដោយលោក ប្រាជ្ញ សីហា បានចុះត្រួតពិនិត្យរដ្ឋបាលនៅក្នុងភូមិចុងខ្សាច់ ភូមិបាក់ទូក និងភូមិទួលសំពៅ ជាលទ្ធផលពុំមានអ្វីគួរឲ្យកត់សម្គាល់ទេ ព្រោះទីតាំងដែលមូលដ្ឋានរាយការណ៍មក នៅពេលកម្លាំងចម្រុះចុះទៅដល់ម្ចាស់ទីតាំងហាក់បីដូចជាបានដឹងជាមុន និងរើសម្ភារចេញ ចាក់សោរទ្វារចោលទៅហើយ។
បើតាមលោក ជា ពិសី បច្ចុប្បន្នគណៈកម្មការចម្រុះបានបញ្ជូនជនសង្ស័យពាក់ព័ន្ធប្រើប្រាស់ និងជួញដូរគ្រឿងញៀនទាំង១០នាក់ ក្នុងនោះមានស្រីម្នាក់ ទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តការសាកសួរ ក្នុងការកសាងសំណុំរឿងបញ្ជូន ទៅតុលាការអនុវត្តតាមនីតិវិធី ព្រមទាំងដាក់ទិសដៅបន្តបើកយុទ្ធនាការត្រួតពិនិត្យរដ្ឋបាលគ្រឿងញៀននូវជំហ៊ានទី២ ដើម្បីអនុវត្តចំពោះសង្កាត់ចំនួន៤ទៀតបន្ថែមទៀត ក្នុងចំណោមសង្កាត់ទាំង៧ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ៕