(ភ្នំពេញ)៖ ការអប់រំ ជាពិសេសការលើកកម្ពស់យុវជន និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យបច្ចេកវិទ្យា និងផ្នែកគំនិតច្នៃប្រឌិត គឺជាចំណុចសំខាន់មួយ នៃបេសកកម្ម CSR របស់ក្រុមហ៊ុន EZECOM ។ ដូច្នេះ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានសហការឧបត្ថម្ភ ព្រឹត្តិការណ៍វេទិកាឥទ្ធិពលយុវជន ២០១៨ ដែលរៀបចំឡើងដោយអង្គការយុវជន AIESEC នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

វេទិកាឥទ្ធិពលយុវជន គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយសម្រាប់យុវជន ដែលផ្តោតលើការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ប្រធានបទសម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះគឺ «ភាពច្នៃប្រឌិតសម្រាប់កំណើនសេដ្ឋកិច្ច» ហើយផ្តោតលើបីចំណុចសំខាន់ គឺភាពច្នៃប្រឌិតក្នុងអាជីវកម្ម កិច្ចការសង្គម និងការអប់រំ! វាគ្មិនជាច្រើនបានចែករំលែកព័ត៌មានមានប្រយោជន៍អំពីការអភិវឌ្ឍខ្លួន និងបណ្តុះគំនិតច្នៃប្រឌិត ទៅតាមចំណេះជំនាញ និងបទពិសោធន៍របស់គាត់រៀងៗខ្លួន។

លោក ថាន ថេន នាយកប្រតិបត្តិផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន EZECOM បានថ្លែងថា «គោលដៅរបស់ Youth Speak Forum គឺមានភាពស្របគ្នានឹងចក្ខុវិស័យរបស់យើងល្អណាស់។ យើងយល់ថា ព្រឹត្តិការណ៍នេះជាឱកាសដ៏ពិសេស ក្នុងការអភិវឌ្ឍយុវជន និងធនធានមនុស្សនៅកម្ពុជា តាមរយៈការចែករំលែកព័ត៌មាន និងគំនិតប្រកបដោយភាពច្នៃប្រឌិត និងមានផលប្រយោជន៍ខ្ពស់»។

វេទិកាឥទ្ធិពលយុវជន ២០១៨ ត្រូវបានចូលរួមដោយសិស្ស-និស្សិត ជាច្រើនរយនាក់ ពីសាកលវិទ្យាល័យ និងសាលាជាច្រើន ហើយអ្នករៀបចំជឿជាក់ថា ពួកគាត់បានទទួលផលប្រយោជន៍ជាច្រើន ដើម្បីពង្រីកចំណេះដឹងខ្លួនឯង និងចូលរួមចំណែកអភិវឌ្ឍសង្គមគ្រួសារ និងប្រទេសជាតិរបស់យើង៕