(ភ្នំពេញ)៖ លោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានលើកឡើងថា ការប្រើប្រាស់ថាមពលព្រះអាទិត្យ គឺជាជំហានមួយក្នុងចំណោមជំហានសំខាន់ៗ ដែលឧស្សាហកម្មក្នុងស្រុកត្រូវធ្វើឡើង ដើម្បីការពារ និងបង្កើនចំណែកទីផ្សាររបស់ខ្លួន សម្រាប់រយៈពេលវែង ក្នុងវិស័យប្រកួតប្រជែង។
ការលើកឡើងបែបនេះ របស់លោកអគ្គលេខាធិការនេះ ធ្វើឡើងនាឱកាសដែលសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យ PV នៅលើដំបូលអគារការិយាល័យរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។
លោក ខេន លូ បានថ្លែងឲ្យដឹងថា ចីរភាពកំពុងក្លាយទៅជាការរំពឹងទុកសំខាន់មួយ ពីតួអង្គក្នុងវិស័យកាត់ដេរសម្លៀកបំពាក់សកល ដើម្បីជ្រើសរើសដៃគូ ហើយថាមពលកកើតឡើងវិញជាផ្នែកសំខាន់។ ការប្រើប្រាស់ថាមពលព្រះអាទិត្យ គឺជាជំហានមួយក្នុងចំណោមជំហានសំខាន់ៗ ដែលឧស្សាហកម្មក្នុងស្រុក ត្រូវធ្វើឡើងដើម្បីការពារ និងបង្កើនចំណែកទីផ្សាររបស់ខ្លួន សម្រាប់រយៈពេលវែងនៅក្នុងវិស័យប្រកួតប្រជែង។
លោកបានបន្ដទៀតថា ចក្ខុវិស័យ និងការផ្ដោតរបស់សមាគម គឺជាការលើកម្ពស់បរិយាកាសអាជីវកម្ម ដែលអំណោយផលសម្រាប់ភាពរីកចម្រើន នៃការអភិវឌ្ឍឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ជាមួយគំនិតផ្ដួចផ្ដើមប្រើប្រាស់ថាមពលព្រះអាទិត្យ សមាគមនឹងបង្ហាញអំពីការអនុវត្តការផលិតសម្លៀកបំពាក់ប្រកបដោយចីរភាព។
សូមបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងទីតាំងអំណោយផលដែលទទួលបានពន្លឺព្រះអាទិត្យ ស្ទើរ៦ម៉ោងក្នុង១ថ្ងៃ ហើយអាជ្ញាធរអគ្គិសនីកម្ពុជានាពេលថ្មីៗនេះ បានចេញផ្សាយនូវក្របខ័ណ្ឌថ្មីមួយឲ្យក្រុមហ៊ុន ប្រើប្រាស់ថាមពលព្រះអាទិត្យ PV សម្រាប់ការប្រើប្រាស់ដោយខ្លួនឯង។ ថាមពលព្រះអាទិត្យជាទម្រង់មួយក្នុងចំណោមទម្រង ថាមពលកកើតឡើងវិញដែលមានលក្ខណៈបត់បែង និងទាក់ទាញបំផុត ដែលអាចប្រើប្រាស់ដោយឧស្សាហកម្មកាត់ដេរ។ ផ្ទាំងថាមពលព្រះអាទិត្យចំនួន១២៤ ដែលនឹងតំឡើងនៅលើដំបូងអគារសមាគម ត្រូវបានរំពឹងថានឹងកាត់បន្ថយការសាយកាបូនជាង៧៥តោនជារៀងរាល់ឆ្នាំ៕