(ពោធិ៍សាត់)៖ ថ្លែងលើវេទិកាក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មី នៃសាលាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសថា រាល់សកម្មភាព ឬទង្វើណាញុះញង់របស់បុគ្គលទាំងឡាយណា ដែលមិនឲ្យប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោត គឺប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា។
បើតាមសម្ដេចក្រឡាហោម ស ខេង ក្រៅពីប្រឆាំងនឹងច្បាប់ហើយនោះ បុគ្គលដែលញុះញង់មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ក៏អាចប្រឈមនឹងទោសទណ្ឌ ដែលបានបញ្ញត្តិក្នុងច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ត្រង់មាត្រា១៤២ ដែលចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥,០០០,០០០រៀល ទៅ២០,០០០,០០០រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃរូបនេះ បានគូសបញ្ជាក់ថា ការអំពាវនាវឲ្យមន្ដ្រីរាជការ និងប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត គឺជារឿងត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។
ក្នុងពិធីនៅព្រឹកមិញនេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលអំពាវនាវ ញុះញង់ រារាំង ប្រជាពលរដ្ឋមិនឲ្យទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ នាពេលខាងមុខនេះ គឺជាទង្វើល្មើសនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ត្រង់មាត្រា១៤២ [...] ការទៅបោះឆ្នោតជាសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ»។
សម្ដេច ស ខេង បន្ថែមថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅពេលខាងមុខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជនគ្រប់ៗរូប ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនស្រលាញ់ពេញចិត្ត បន្ដដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍រីកចម្រើន មានសុខសន្ដិភាព ស្ថិរភាព សន្ដិសុខ និងសង្គមជាតិទាំងមូលមានភាពសម្បូរសប្បាយ។
យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ថែរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណឲ្យបានល្អប្រសើរក្នុងសង្គម ក៏ដូចជាដំណើរការនៃការបោះឆ្នោតដ៏សំខាន់មួយនេះ ឲ្យបានល្អប្រសើរ។
ជាមួយគ្នានេះ សម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏នៅតែបន្ដរំលឹកឡើងវិញ នូវសេចក្ដីវិនាសដោយសារឥទ្ធិពល នៃភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃកាលពីអតីតកាល ទម្រាំកម្ពុជាឆ្លងកាត់មកដល់ដំណាក់កាលដូចសព្វថ្ងៃនេះលំបាកខ្លាំងណាស់ ដូច្នេះហើយសូមកុំឲ្យអតីតកាលវិលត្រឡប់ឲ្យសោះ ព្រោះសន្ដិភាព មានតម្លៃខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល៕