(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម ចំនួន០៨នាក់ ដែលលួចមកស្នាក់នៅ និងធ្វើការដោយគ្មានឯកសារត្រឹមត្រូវ ក្នុងខណ្ឌ៧មករា និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមលោកប្រធាននាយកដ្ឋាន កម្លាំងជំនាញបានចុះត្រួតពិនិត្យជនបរទេសលួចស្នាក់នៅគ្មានឯកសារ-គ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ ចំនួន០២គោលដៅ ដោយឃាត់ខ្លួនជនជាតិវៀតណាម ចំនួន០៨នាក់ ស្រី០៦នាក់ (ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ) យកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី។
លោកឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ទីតាំង៖ហាងកាត់សក់ស៊ាងរ៉ៃ បារីស នីនី ហាវ៉ៃ ពិភពសម្រស់ លីលីសុកហុក នៅក្នុងសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា បានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន០៤នាក់ ស្រី០៣នាក់។ និងទីតាំង៖សមាគមន៍សង្គ្រាះជនរងគ្រោះ ដោយសារសង្គ្រាម ស្ថិតនៅក្នុងបូរីពិភពថ្មី គីឡូម៉ែតលេខ៦ និងហាងលក់ហ្វឺ នៅផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន០៤នាក់ ស្រី០៣នាក់។
ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង៨នាក់នោះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕