(ភ្នំពេញ)៖ ដើម្បីបំពេញតំរូវការអតិថិជន លើការរកចំណូលបន្ថែម និងធ្វើឲ្យប្រសើរអនាគតអតិថិជនបន្ថែមទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ ដាក់លក់ជាផ្លូវការ នូវផលិតផលថ្មី មួយបន្ថែមទៀត ដើម្បីផ្តល់នូវជម្រើសយ៉ាងសំបូរបែប និងអត្ថប្រយោជន៍កាន់តែច្រើន សម្រាប់អតិថិជន គឺផលិតផលសន្សំផលច្រើន ដែលអតិថិជនទាំងអស់ អាចប្រើប្រាស់ផលិតផល នេះបានទៅគ្រប់ការិយាល័យសាខាទាំងអស់ របស់ហត្ថាកសិករចាប់ពីថ្ងៃនេះតទៅ។
ផលិតផលសន្សំផលច្រើន គឺជាគណនីសន្សំថ្មីមួយ ដែលអតិថិជនគ្រាន់តែដាក់ប្រាក់តម្កល់ត្រឹមតែ ២៥០ដុល្លារ ឬ ១,០០០,០០០ រៀល ឬ ១០,០០០ បាតប៉ុណ្ណោះ គាត់អាចទទួលបាន នូវអត្រាការប្រាក់ខ្ពស់ រហូតដល់ ៥.៥០% ក្នុងមួយឆ្នាំ ហើយអតិថិជនក៏អាចធ្វើប្រតិបត្តិការ ដកដាក់ប្រាក់សន្សំរបស់ខ្លួន ជាមួយនឹងផលិតផលនេះ តាមរយៈបញ្ជាបេឡាអេធីអឹម និងធនាគារចល័ត។
ក្រៅពីនោះ អតិថិជននឹងទទួលបានដោយឥតគិតថ្លៃ នូវសៀវភៅសន្សំ ការចុះឈ្មោះប្រើប្រាស់កាតអេធីអឹម និងការចុះឈ្មោះប្រើសេវាធនាគារចល័ត ព្រមទាំងមិនគិតកម្រៃ សេវាថែរក្សា កាតអេធីអឹម និងសេវាធនាគារចល័តនៅឆ្នាំដំបូងផងដែរ។
បើតាមលោកប្រធានអគ្គនាយករបស់ហត្ថាកសិករ បានថ្លែងថា ការបង្កើតផលិតផលថ្មីនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់អតិថិជនចង់បានអត្រាការប្រាក់ខ្ពស់ ហើយអាចធ្វើការដកដាក់ប្រាក់ សន្សំតាមតំរូវការបានទៀត។
លោកបានលើកឡើងថា មានអតិថិជនជាច្រើន គាត់ត្រូវការបង្វិលសាច់ប្រាក់ ជារៀងរាល់ខែ ដូចនេះគាត់មានការពិបាក ក្នុងការប្រើប្រាស់គណនីបញ្ញើ មានកាលកំណត់ ព្រោះអាចដកប្រាក់ បានតែម្តងប៉ុណ្ណោះក្នុងមួយវគ្គ ប៉ុន្តែប្រសិនបើអតិថិជនប្រើប្រាស់ គណនីសន្សំធម្មតាវិញ គឺទទួលបានការប្រាក់តិចតួចពេក។
ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំ លំដាប់ទី៣ នៅប្រទេសកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ហើយបានផ្តល់នូវសេវាកម្ម តាមតំរូវការរបស់អតិថិជន រួមមាន សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ សេវាប្រមូលសាច់ប្រាក់ និងសេវាកម្មហិរញ្ញវត្ថុ ជាច្រើនទៀត។
គិតត្រឹមចុងខែមេសា ឆ្នាំ២០១៨ ហត្ថាកសិករ មានអតិថិជនប្រាក់បញ្ញើសន្សំចំនួនជាង ២២០,០០០ នាក់ ជាមួយសមតុល្យ ប្រាក់បញ្ញើសន្សំសរុបប្រមាណជាង ៣៩៩ លានដុល្លារ និងមានអតិថិជនឥណទានចំនួនជាង ១៣០,០០០នាក់ ជាមួយសម្ពាធឥណទាន សរុបចំនួនជាង ៦៣៨ លានដុល្លារ។
នៅក្នុងឆ្នាំ២០១៦ ហត្ថាកសិករ លីមីតធីត បានក្លាយជាបុត្រសម្ព័ន្ធ របស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិក នៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុត នៃប្រទេសជប៉ុន និងលើសកលលោកផងដែរ៕