(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចុះជួបសាកសួរសុខទុក្ខ និងនាំពីវឌ្ឍនភាពរបស់កម្ពុជាជម្រាបដល់ពលរដ្ឋខ្មែរ ដែលនៅទីនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឯកភាពជាគោលការណ៍ ជូនលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដើម្បីបន្តដឹកនាំគណៈប្រតិភូកម្ពុជា ចេញដំណើរទៅកាន់គោលដៅទី៧ នៅរដ្ឋ Kelantan ដែលនៅចម្ងាយជាង ៤៥០គីឡូម៉ែត្រពីរដ្ឋធានី គូឡាឡាំពួរ។
គួរបញ្ជាក់ថា នេះជាលើកទី៤ ដែលគណៈប្រតិភូអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាម ដែលរសើនៅម៉ាឡេស៊ី ខណៈដែលលើកទី១ ធ្វើឡើងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ដែលបានជួបបងប្អូនប្រជាពលរដ្ឋខ្មែរ នៅតំបន់ Kajang រដ្ឋSelangor លើកទី២ ពីថ្ងៃទី២១-២៤ ខែមេសា ឆ្នាំ២០១៨ ដែលបានអញ្ជើញជួបពលរដ្ឋខ្មែរនៅរដ្ឋ៣ គឺរដ្ឋ Johor Baharu រដ្ឋ Selangor និងរដ្ឋ Malaka និងលើកទី៣ ពីថ្ងៃទី០១-០៤ ខែឧសភា ឆ្នាំ២០១៨បានជួបបងប្អូននៅរដ្ឋ២ គឺរដ្ឋ Pahang និងរដ្ឋ Perak។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល គណៈប្រតិភូនឹងអញ្ជើញចូលរួមទទួលទានអាហារសាមគ្គី នៃពិធីស្រាយបួសរ៉ាម៉ាឌន ជាមួយនាយករដ្ឋមន្រ្តីថ្មី របស់ម៉ាឡេស៊ី សម្តេច Tun Dr Mahathir Mohamed នាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨៕