(ភ្នំពេញ)៖ ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុង លើកទី៣ ក្រោមប្រធានបទ «ការរចនាសម្រាប់កន្លែងធ្វើការ និងការរស់នៅឲ្យកាន់តែមានភាពប្រសើរ» នឹងឆ្លើយតបទៅនឹងការរីកចម្រើន នៃវិស័យសំណង់នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា ខណៈដែលជារៀងរាល់ឆ្នាំ កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា បានផ្លាស់ប្តូរ និងមានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស ជាពិសេសគឺអ្នករស់នៅទីក្រុងធំៗដូចជា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តសំខាន់ៗ មួយចំនួនទៀត។
ពិធីបើកសម្ពោធព្រឹត្តិការណ៍ តាំងពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុង លើកទី៣ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពលោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ គណៈស្ថាបត្យករកម្ពុជា, លោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន ICVeX, លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជា (CSA) ព្រមទាំងតំណាងក្រុមហ៊ុន ដៃគូពណិជ្ជកម្ម សំណង់ ជាច្រើននាក់ទៀត។
លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ គណៈស្ថាបត្យករកម្ពុជា បានថ្លែងថា វិស័យសំណង់ និង អចលនទ្រព្យនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងពេលជាមួយគ្នានេះដែរ មានតម្រូវការនៃទំនើបកម្ម និងការតុបតែងលំអរអគារ និងគេហដ្ឋាន ក៏ជារឿងចាំបាច់ ផងដែរ។
លោកថ្លែងយ៉ាងដូច្នេះថា «ពិពរ័ណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី ៣ឆ្នាំនេះ នឹងក្លាយជាភស្តុតាង ដើម្បីបង្ហាញថា វិស័យសំណង់និង អចលនទ្រព្យនៅកម្ពុជា បានធ្វើការទាក់ទាញ វិនិយោគិនជាច្រើន ទាំងក្នុងស្រុកនិងក្រៅស្រុក។ ព្រឹត្តិការណ៍ដ៏ពិសេសនេះ នឹងដើរតួជាវេទិកាមួយ ដោយនាំមកនូវគំនិតថ្មី ផលិតផលថ្មីៗ និងគំរូនៃការតុបតែងអគារ និងផ្ទះល្អៗដល់ប្រទេស និងប្រជាជនរបស់ យើងខណៈដែលរបៀបរស់នៅ របស់ប្រជាជនកម្ពុជាបានផ្លាស់ប្តូរ យ៉ាងឆាប់រហ័សនាពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ»។
ដោយឡែកលោក Chinakit Viphavakit ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ICVeX បានថ្លែងថា «យើងទទួលបានជោគជ័យយ៉ាងខ្លាំង ចំពោះពិពរ័ណ៍លើកទី១ និងទី២កន្លងរួចមកហើយ ដោយមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកដែលក្នុងឧស្សាហកម្មនេះ ក៏ដូចជាក្រសួង និងស្ថាប័ននានារបស់រដ្ឋជាពិសេស ក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់»។
លោកបានថ្លែងបន្តថា «ឆ្នាំនេះគឺជាការរៀបចំពិពរ័ណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣ របស់យើងដែលនឹងផ្តល់ជូន នូវឱកាសជាច្រើនសម្រាប់អ្នកចូលរួម ក្នុងការរៀនសូត្រ។ យើងចង់ជម្រុញប្រជាជនកម្ពុជា និងផ្តល់គំនិត និងចំណេះដឹងដល់ពួកគេ ក្នុងរបៀបរៀបចំលម្អ នៅកន្លែងធ្វើការ និងការរស់នៅរបស់ពួកគេ ឲ្យកាន់តែមានភាពប្រសើរឡើង»។
យ៉ាងណាមិញ លោក ស៊ិន សុជាតិ ប្រធានសមាគមស្ថាបត្យករកម្ពុជា (CSA) ក៏បានបន្ថែមទៀតថា «ស្របពេលជាមួយគ្នានោះដែរ សេដ្ឋកិច្ចរបស់យើង កំពុងរីកចម្រើនដោយយើងឃើញ មានការសាង់សង់សណ្ឋាគារថ្មីៗ អគារការិយាល័យ ផ្សារទំនើប ភោជនីយដ្ឋាន និងអគារលំនៅដ្ឋាន កំពុងមានការរីកចំរើននៅរាជធានីភ្នំពេញ និងបានរីករាលដាលទៅកាន់ទីក្រុងនានា ក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ននេះមានប្រជាជន ថ្នាក់កណ្តាលកំពុងមានការកើនឡើង ហើយរបៀបនៃរស់នៅរបស់ពួកគេ ក៏កំពុងផ្លាស់ប្តូរទាំងការងារ និងបរិស្ថានផ្ទាល់ខ្លួនផងដែរ»។
សូមបញ្ជាក់ថា ការតាំងពិព័រណ៍រយៈពេល ៣ ថ្ងៃដែលមានការចូលរួមពីក្រុមហ៊ុន Jotun ជាអ្នកឧបត្ថម្ភការតុបតែងលំអរពិពរ័ណ៍នៅឆ្នាំនេះ និងក៏មានការចូលរួម ពីក្រុមហ៊ុនជាង១៥០ ជាតិ និងអន្តរជាតិមកពីទូទាំងពិភពលោក ចូលរួមជាមួយនឹងទំហំទីតាំងពិព័រណ៍ជិត ៤០០០ ម៉ែត្រការ៉េ ដាក់តាំងបង្ហាញនូវផលិតផលថ្មីៗ និងភាពច្នៃប្រឌិតថ្មីៗដល់អ្នកចូលរួម មកពីវិស័យស្ថាបត្យកម្មរចនាផ្ទៃខាងក្នុង អ្នកអភិវឌ្ឍអចលនទ្រព្យ និងសំណង់ ក៏ដូចជាតាំងបង្ហាញដល់បងប្អូន ប្រជាពលរដ្ឋទូរទៅដែលជាម្ចាស់ផ្ទះ និងសាស្រ្តាចារ្យជំនាញ ក្នុងវិស័យនេះ ខណៈដែលអ្នកតាំងពិព័រណ៍ អាចមានឱកាសក្នុងការចែករំលែកនូវព័ត៌មាន និងចំណេះដឹងដោយផ្ទាល់ ជាមួយអ្នកចូលរួម៕