(មណ្ឌលគិរី)៖ ក្រុមហ៊ុន «រ៉ុង ឆេង» នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ចាប់តាំងពីក្រុមហ៊ុនទទួលបាន អាជ្ញាប័ណ្ណរបស់ក្រសួងមក ក្រុមហ៊ុនពុំទាន់បានធ្វើសកម្មភាព ឬធ្វើអាជីវកម្មរបស់ខ្លួន នៅឡើយទេ ហើយការលើកឡើងថា ក្រុមហ៊ុនកំពុងប្រើប្រាស់គ្រឿងបំផ្ទុះ ឬប្រើប្រាស់សារធាតុគីមីនោះមិនពិតនោះទេ ព្រោះក្រុមហ៊ុនមិនបានប្រើប្រាស់ រំសេវជាតិផ្ទុះ ឬសារធាតុគីមី មួយគ្រាប់ ឬមួយលីត្រនោះឡើយ ជាក់ស្តែងក្រុមហ៊ុន កំពុងធ្វើការកសាងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ផងខ្លួនតែប៉ុណ្ណោះ។
នេះបើតាមការអះអាងរបស់ លោក យៀប លូ តំណាងក្រុមហ៊ុន រ៉ុង ឆេង Rong cheng industrial investment Cambodia Co.,Ltd ដែលជាក្រុមហ៊ុនអាជីវកម្មរ៉ែមាស លើផ្ទៃដី២,៨០០ហិចតា ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួង និងមានមូលដ្ឋានក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តំណាងក្រុមហ៊ុន ក៏បានសំណូមពរដល់ក្រសួង និងអាជ្ញាធរខេត្តបញ្ជូនមន្រ្តីជំនាញ ចុះពិនិត្យស្រាវជ្រាវនៅទីតាំងឃុំចុងផ្លាស់ ដែលជាទីតាំងមួយកំពុងសង្ស័យថា បាននិងកំពុងការប្រើប្រាស់រំសេវជាតិផ្ទុះខុសបច្ចេកទេស បញ្ចេញ ឬបំភាយ បង្ហូរ ព្រមទាំងមានការបន្សល់កាកសំណល់ សារធាតុគីមីពុលជាច្រើននៅទីនោះ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពយ៉ាងធ្ងន់ធ្ងរ ដល់មនុស្ស សត្វ និងរុក្ខជាតិ។
ពាក់ព័ន្ធករណីនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ ចំពោះក្រុមហ៊ុន ឬសហគមន៍ ដែលមានអាជ្ញាប័ណ្ណ អនុញ្ញាតពីក្រសួង ដែលកំពុងធ្វើអាជីវកម្មរបស់ខ្លួននៅទីតាំងខាងលើនោះ សូមអនុវត្តឲ្យស្របទៅតាមគោលការណ៍ច្បាប់ដែលបានអនុញ្ញាត ជៀសវាងធ្វើអាជីវកម្ម និងធ្វើសកម្មភាពឲ្យប្រាស់ចាកពីគោលការច្បាប់ នៅពេលដែលអាជ្ញាធរ និងមន្រ្តីជំនាញធ្វើការស្រាវជ្រាវពិនិត្យ រកឃើញថា មានកំហុសបច្ចេកទេសផ្ទុយពីច្បាប់ អាជ្ញាធរមានសមត្ថកិច្ច និងចាត់វិធានការតាមផ្លូវច្បាប់។
សូមជម្រាបថា នៅថ្ងៃនេះ ប្រតិភូ និងមន្ដ្រីជំនាញរបស់ក្រសួងរ៉ែ និងថាមពល សហការជាមួយប្រតិភូរបស់ក្រសួងបរិស្ថាន បានចុះទៅតំបន់ចុងផ្លាស់ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃចំពោះសកម្មភាពអាជីវកម្ម និងសិប្បកម្មធ្វើរ៉ែមាស ព្រមទាំងបន្តយន្ដការដោះស្រាយជម្លោះ រវាងប្រជាពលរដ្ឋក្នុងសហគមន៍ជាង៨០០គ្រួសារ ជាមួយក្រុមហ៊ុនចិន ឈ្មោះ «រ៉ុង ឆេង» ដែលពលរដ្ឋផ្ទុះការតវ៉ាកាលពីប៉ុន្មានថ្ងៃមុននេះ៕