(សៀមរាប)៖ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុលសំណង់ និងបានធ្វើការសស្រាក់សស្រាំក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដូចជាស្រុកអង្គរធំ ស្រុកពួក និងស្រុកប្រាសាទបាគង ដែលរងគ្រោះដោយសារខ្យល់ព្យុះ។
តាមការចុះពិនិត្យជាក់ស្តែងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារប្រចាំស្រុកអង្គរធំ បានឧបត្ថម្ភជនរងគ្រោះដោយខ្យល់ព្យុះចំនួន ២គ្រួសារ នៅភូមិភ្លង់ និងភូមិសំរោង ស្រុកអង្គរធំដោយមួយគ្រួសារទទួលបានអង្ករ២៥គីឡូ មីម៉ាម៉ា១កេះ ទឹកស៊ីអ៊ីវ៣ដប ទឹកត្រី៣ដប ទឹកដោះគោ១កំប៉ុង ប្រេងឆា១ដប ស្ករស១គីឡូ និងប៊ីចេង១កញ្ចប់។ លើសពីនេះទៀត ក្រុមការងារក៏បានសម្រេចអនុញ្ញាតឱ្យជួសជុលនៅនឹងទីតាំងមាន ១ករណី ដែលស្ថិតនៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ។
ដោយឡែក ក្រុមការងារសហគមន៍ប្រចាំស្រុកពួក បានចុះពិនិត្យនិងអនុញ្ញាតឱ្យប្រជាពលរដ្ឋសាង់សង់ និងជួសជុលឡើងវិញនូវករណីផ្ទះដួលរលំទាំងស្រុង ១០ករណី និងខូចខាតដំបូល ៥ករណី ដោយសារគ្រោះធម្មជាតិបណ្តាលពីខ្យល់ខ្លាំងនៅភូមិប្រឡាយ ឃុំខ្នាត។
រីឯស្រុកប្រាសាទបាគង ក្រុមការងារបានចុះពិនិត្យការស្នើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិស្ទឹង ឃុំបាគង ដោយសម្រេចអនុញ្ញាតឲ្យជួសជុលផ្ទះតូចតាចនៅទីតាំងផ្ទាល់ចំនួន ១៤ករណី ចំណែកឯ ៤ករណីទៀត ម្ចាស់ពុំទាន់មានលទ្ធភាពធ្វើនិងម្ចាស់ផ្ទះមិននៅ។ ក្រុមការងារក៏បានទៅពិនិត្យនិងអនុញ្ញាតឱ្យសាងសង់ផ្ទះបាយឡើងវិញ ដែលបានដួលរលំដោយសារមានខ្យល់ នៅភូមិរលួសខាងលិចចំនួន ២ករណីថែមទៀត។
សូមជម្រាបថា សកម្មភាពរបស់ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរាខាងលើ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០១៨៕