(កំពង់ចាម)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យទំនិញ ដែលក្រុមអាជីវករ ដាក់តាំងលក់នៅក្នុងផ្សារគីឡូ១០ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានថ្លែងថា ពេលចុះត្រួតពិនិត្យមន្ដ្រីជំនាញបានរកឃើញ និងដកហូតបាន ទឹកផ្លែឈើ Fun Fun ចំនួន៤០០កញ្ចប់ ស្នើនឹង៨៤ដប ដែលហួសកាលបរិច្ឆេទ។
ទោះជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះអាជីវករ កំពុងយកចិត្តទុកដាក់ណាស់ចំពោះបញ្ហាសុវត្តិភាព ចំណីអាហារ ជាពិសេសក្រុមអ្នកលក់ដូរបន្លែ ផ្លែឈើ គ្រឿងទេស និងភេសជ្ជៈផ្សេងៗ គឺពួកគាត់បានយល់ដឹងច្រើន និងចេះដឹងកាន់តែច្រើន ក្នុងការត្រួតពិនិត្យទាំងស្ថានភាព ទាំងលើការបរិច្ឆេទប្រើប្រាស់ ក៏ដូចជាការវេចខ្ចប់ ការដាក់តាំងលក់ផងដែរ។
លោក ស៊ាន ស៊ីណាត បានបញ្ជាក់ថា ការការពារសុខុមាលភាពប្រជាពលរដ្ឋ គឺជាភារកិច្ចចម្បងរបស់មន្ត្រីកាំកុងត្រូលយើង ប្រជាពលរដ្ឋមានសុខភាពល្អ នឹងនាំឲ្យកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ សង្គម ក៏ដូចជាបង្កឱកាសសម្រាប់ភាពសុខុដុមក្នុងជីវិត៕