(ភ្នំពេញ)៖ កាលបរិច្ឆេទបញ្ចប់ ការចុះឈ្មោះក្នុងកម្មវិធីប្រកួតប្រជែង ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជា (ICT) ឆ្នាំ២០១៨ ត្រូវបានពន្យាររហូតដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។
ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ច (Start-up) ឬអង្គការមិនមែនរដ្ឋាភិបាល អាចផ្ញើមកនូវព័ត៌មានពី សេវាកម្ម ផលិតផល ឬដំណោះស្រាយក្នុងផ្នែក ICT របស់ខ្លួន ដើម្បីចូលរួមកម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជា ឆ្នាំ២០១៨ តាមរយៈគេហទំព័រ www.cambodiaictawards.com ។
ចាប់ពីឆ្នាំ ២០១៥ វិទ្យាស្ថានជាតិ NIPTICT បានរៀបចំកម្មវិធីប្រកួតប្រជែង ពានរង្វាន់ ICT កម្ពុជា នេះឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងលើកកម្ពស់ផលិតផល ឬគម្រោង ដ៏ឆ្នើមនៅកម្ពុជា។ ម្ចាស់ជ័យលាភីចំនួន៣រូប នឹងទទួលពានរង្វាន់ជាទឹកប្រាក់រហូត ដល់ទៅ ១ម៉ឺនដុល្លារ សម្រាប់ជ័យលាភីលេខ១, ៣ពាន់ដុល្លារ សម្រាប់ជ័យលាភីលេខ២ និង ២ពាន់ដុល្លារ សម្រាប់ជ័យលាភីលេខ៣។ រីឯជ័យលាភីល្អផ្តាច់គេក្នុងវិស័យនីមួយៗនឹងទទួលពានរង្វាន់ជាទឹកប្រាក់ ២ពាន់ដុល្លារ ដែលពានរង្វាន់នេះ នឹងជួយឱ្យអាជីវកម្មរបស់ពួកគេឈានឡើង បានមួយកម្រិតទៀត។ រង្វាន់មិនត្រូវបានផ្តល់ជូនត្រួតគ្នាសម្រាប់ម្ចាស់ជ័យលាភីឡើយ។ ម្ចាស់ជ័យលាភីទទួលបានតែរង្វាន់ធំបំផុតតែមួយគត់។
កម្មវិធីនេះអនុញ្ញាតឱ្យគ្រប់ស្ថាប័នទាំងអស់បង្ហាញពីភាពច្នៃប្រឌិត
បេក្ខជនអាចដាក់ពាក្យប្រកួតប្រជែងក្នុងវិស័យផ្សេងៗចំនួន៦ រួមមាន៖
* ការចាប់ផ្តើមធុរកិច្ច
* មាតិកាឌីជីថល
* វិស័យឯកជន
* ការទទួលខុសត្រូវក្នុងសង្គម
* វិស័យសាធារណៈ
* ការស្រាវជ្រាវ និងអភិវឌ្ឍ
បន្ទាប់ពីជម្រុះជុំទី១ បេក្ខជនដែលជាប់វគ្គជម្រុះទាំងអស់ នឹងត្រូវបានជ្រើសរើសឱ្យធ្វើបទបង្ហាញ អំពីគម្រោងរបស់ពួកគេទៅកាន់ ចៅក្រមដែលមានសមាសភាពមកពី ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងអ្នកតំណាងឧស្សាហកម្មក្នុងវិស័យ ICT ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត។ មានតែបេក្ខជនចំនួន១២តែប៉ុណ្ណោះ នឹងត្រូវបានជ្រើសរើសចូលប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត។
គម្រោងប្រកួតប្រជែង នឹងត្រូវបានវាយតម្លៃដោយផ្អែកលើភាពច្នៃប្រឌិត អត្ថប្រយោជន៍ដល់សង្គម គុណភាព និងភាពទុកចិត្តបាននៃផលិតផល និងកម្រិតប្រើប្រាស់បច្ចកវិទ្យានៅក្នុងគម្រោង។ ជ័យលាភី៦រូបនឹងត្រូវបានជ្រើសរើស ដែលក្នុងនោះជ័យលាភីមួយរូប សម្រាប់មួយវិស័យ។ ក្នុងចំណោមជ័យលាភីទាំង៦រូប នឹងមានតែជ័យលាភី៣រូបប៉ុណ្ណោះដែលនឹងត្រូវជ្រើសរើសសម្រាប់ពានរង្វាន់ចុងក្រោយ។
ការទទួលស្គាល់ទាំងក្នុងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិសម្រាប់បេក្ខជនជ័យលាភីពានរង្វាន់នេះត្រូវបានរៀបចំឡើងដោយ មានការសហការពីដៃគូជាច្រើនក្នុងវិស័យ ICT ។ ក្រុមហ៊ុន Smart Axiata ដែលជាដៃគូសហការនិងឧបត្ថម្ភធំ យល់ឃើញថា កម្មវិធីនេះ គឺជាឱកាសក្នុងការបង្ហាញ ពីសមត្ថភាពនវានុវត្តន៍នៅកម្ពុជា។ ក្រុមហ៊ុននេះ ជឿជាក់ថាកម្មវិធីពានរង្វាន់ ICT កម្ពុជា ផ្តល់ឱកាសដ៏ពិសេស សម្រាប់បណ្តា ស្ថាប័ន និងបុគ្គលនានា ក្នុងការបង្ហាញផលិតផល នវានុវត្ត៍ ជំនាញនិងការនាំមុខទៅកាន់ឌីជីថល តាមរយៈគំរូអាជីវកម្មថ្មីៗ ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ។
ក្នុងនាមជាដៃគូអភិវឌ្ឍដ៏សំខាន់របស់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata មានសុទិដ្ឋិនិយមលើលទ្ធផលនៃកម្មវិធីប្រកួតប្រជែងនេះ ថានឹងពង្រឹង លើកទឹកចិត្ត និងកសាងយុគសម័យបច្ចេកវិទ្យារបស់កម្ពុជា ឆ្ពោះទៅកាន់យុគសម័យឌីជីថល និង ICT ឱ្យស្របជាមួយប្រទេសក្នុងតំបន់។
កាលពីឆ្នាំ២០១៧ បេក្ខជនចំនួន១២ ទទួលបានឱកាសចូលរួមក្នុងកម្មវិធីពានរង្វាន់ ICT អាស៊ាន ឆ្នាំ២០១៧ ដែលត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដែលក្នុងនោះក្រុមរបស់កម្ពុជាចំនួន៣ បានទទួលបានមេដាយមាសបី ក្នុង ពាន់រង្វាន់ ICT អាស៊ាន គឺក្រុមហ៊ុន BookmeBus ក្នុងវិស័យការបង្កើតធុរកិច្ច កម្មវិធី Bong Pheak ក្នុងវិស័យការទទួលខុសត្រូវក្នុងសង្គម និង Sokhakrom ក្នុងវិស័យឯកជន។
បេក្ខជនចូលរួមប្រកួតប្រជែងក្នុងឆ្នាំ២០១៨ ក៏មានឱកាសចូលរួមក្នុងថ្នាក់តំបន់ផងដែរ។
សម្រាប់ដំណើរការនៃការដាក់ពាក្យ សូមចូលទៅកាន់ http://www.cambodiaictawards.com/
សូមជម្រាបថា អង្គភាពព័ត៌មាន Fresh News ក៏បានចូលរួមជា MEDIA SPONSOR ក្នុងកម្មវិធីប្រកួតប្រជែង ពានរង្វាន់ ICT កម្ពុជា ឆ្នាំ២០១៨នេះផងដែរ។ គិតទាំងឆ្នាំនេះ Fresh News បានចូលរួមផ្សព្វផ្សាយកម្មវិធីនេះរយៈពេល៣ឆ្នាំមកហើយ។