(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ អគាររដ្ឋបាលថ្មី សាលាខេត្តពោធិ៍សាត់ ដែលមានតម្លៃជាង៣លានដុល្លារ ត្រូវសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អគាររដ្ឋបាលថ្មី លើកដំបូងរបស់សាលាខេត្តពោធិ៍សាត់ មានកម្ពស់៣ជាន់ ៤០បន្ទប់ រួមជាមួយសួនច្បារ ចំណតរថយន្ត ក្លោងទ្វា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ទើបសាងសង់រួច ប្រើប្រាស់ថវិកាចំណាយសាងសង់សរុប ១៣.៥០០.០០០.០០០រៀល (៣,៣៧៥,០០០ដុល្លារ) នឹងក្លាយជាការិយាល័យធ្វើការរបស់មន្ត្រីរាជការ សម្រាប់បំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា មានលក្ខណៈស្អាតសមរម្យ ធំទូលាយ លែងចង្អៀតដូចមុន និងមានកន្លែងចតរថយន្តត្រឹមត្រូវ ដែលបានដំណើរការសាងសង់តាំងពីឆ្នាំ២០១៣មក។
ទោះបីការអភិវឌ្ឍន៍ មិនទាន់បានដូចបំណង តែខេត្តពោធិ៍សាត់ ពិតជាមានមោទនភាពដែលលោក ម៉ៅ ធនិន អភិបាលខេត្ត បានខិតខំអភិវឌ្ឍន៍ខេត្ត ដែលធ្លាប់តែលឺថា ជាខេត្តឆ្លងកាត់ឱ្យប្រែក្លាយមកជាខេត្តឈានទៅប្រកួតប្រជែង ក្នុងតំបន់នៅពេលនេះឆាប់ៗខាងមុខ៕