(កំពង់ចាម)៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ បានណែនាំដល់ថ្នាក់ដឹកនាំសមាគមនៅតាមមូលដ្ឋាន ត្រូវបន្ដការយកចិត្តទុកដាក់សមាជិកឲ្យបានដិតដល់ ហើយធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះនៅតាមស្រុក ក្រុងឲ្យជាប់លាប់។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំបូកសរុបត្រួតពិនិត្យការងារអតីតយុទ្ធជនប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទីពី ឆ្នាំ២០១៨ និងការធ្វើបច្ចុប្បន្នភាព បញ្ជីឈ្មោះអតីតយុទ្ធជន នៅតាមបណ្ដាស្រុក ក្រុងទូទាំងខេត្តកំពង់ចាម។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកអនុប្រធាន សមាគមខេត្ត, លោកប្រធានលេខាធិការដ្ឋាន លោកស្រី ប្រធានការិយាល័យបេឡាជាតិ អតីតយុទ្ធជនខេត្ត និងលោកប្រធាន អនុប្រធាន សមាគមស្រុក ក្រុងទាំង១០ លោកប្រធានសមាគម ឃុំ សង្កាត់ទាំង១០៩ សរុបចំនួន២២៣នាក់។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានកោតសសើរចំពោះការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់នៅក្នុងខេត្ត ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពរបស់សមាជិកសមាគម។ លោកក៏បានជំរុញឲ្យថ្នាក់ដឹកនាំសមាគម បន្តការខិតខំបន្ថែមទៀត ជាពិសេសពេលសមាជិកមានធុរៈ ឬជំងឺត្រូវចាត់ចែងជួយឲ្យបានទាន់ពេលវេលា៕