(កណ្ដាល)៖ ប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល បានចាត់ទុកថា ការកាយដីផ្លូវលក់ពីសំណាក់ក្រុមហ៊ុនជីករណ្ដៅដី តាក់ ជីឡៅ គឺជាទង្វើមួយដែលកម្រ និងជាការបំផ្លាញពេញទីគួរតែអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាត់វិធានការបន្ទាន់។ មិនតែប៉ុណ្ណោះនៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ប្រជាពលរដ្ឋជាង២០នាក់ តំណាងឲ្យជាង១០០គ្រួសារ បានលើកគ្នាទៅកាន់ទីតាំងផ្លូវ ដែលត្រូវក្រុមហ៊ុន តាក់ ជីឡៅ រំលោភបំពានកាយបំផ្លាញ ដើម្បីសុំឲ្យក្រុមហ៊ុនធ្វើយ៉ាងណា ដឹកដីមកចាក់បំពេញឲ្យបានខ្ពស់ ដូចដើមឡើងវិញ ទើបពួកគាត់ព្រមនិងឈប់ការតវ៉ាតទៅទៀត។
ប្រជាពលរដ្ឋ បាននិយាយថា ក្រុមហ៊ុន តាក់ ជីឡៅ បានបោកប្រាស់ពួកគាត់ ដោយកាលពីពេលថ្មីៗកន្លងមកនេះ ពួកគាត់បានស្នើសុំឲ្យជួយធ្វើស្ពានមួយកន្លែង ប្រវែងកន្ទុយអណ្ដើកនៅតាមផ្លូវផ្សេងទេ ដោយសារទីនោះមានស្ពានដែរ ប៉ុន្តែចាស់ទ្រុឌទ្រោមទៅហើយ។ ពេលនោះ ក្រុមហ៊ុនខាងលើមិនបានចាប់អារម្មណ៍ធ្វើស្ពាននោះទេ បែរជាសុំទទួលរ៉ាប់រងដាក់លូបង្ហូរទឹកកាត់ទទឹងផ្លូវរទេះភ្លើងថ្មី ឬផ្លូវប៉ុលពតនេះវិញ។ ពេលនោះ បានប្រមូលស្នាមមេដៃពួកគាត់គ្រប់គ្នា ហើយដោយសារតែបានលូបង្ហូរទឹកគ្រាន់បើ ជាអត់នោះទើបពួកគាត់ព្រមផ្ដិតមេដៃឲ្យធ្វើ។
បើតាមប្រជាពលរដ្ឋ លុះដល់ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ខាងក្រុមហ៊ុន ក៏បានធ្វើពិធីបើកការដ្ឋានដាក់លូ កាត់ទទឹងផ្លូវខាងលើនោះក្រោមអធិបតីភាពលោកនាយឧត្តសេនីយ៍ ស៊ូ គឹមស៊ុន ប្រធានគណៈពង្រឹងឃុំឆក់ឈើនាង និងជាអនុប្រធានគណៈពង្រឹងស្រុកអង្គស្នួល, លោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល, លោក តាក់ ជីឡៅ អនុប្រធានគណៈពង្រឹងឃុំឆក់ឈើនាង និងជាឈ្មួញរណ្ដៅដីខាងលើ ព្រមទាំងមានការចូលរួមពីសំណាក់បងប្អូន ប្រជាពលរដ្ឋជាច្រើនទៀតផងដែរ។
ក្រោយពេលបើកករដ្ឋានរួចបាន១ថ្ងៃ ក្រុមហ៊ុនបានចាប់ផ្ដើមដាក់គ្រឿងចក្រទៅកាន់ទីនោះ ធ្វើសកម្មភាពកាយដីលក់ទៅវិញពិតជាធ្វើឲ្យហួសចិត្តខ្លាំងណាស់។
ប្រជាពលរដ្ឋបានបន្តថា ក្រុមហ៊ុននេះ បានកាយអស់ប្រមាណ២០០ម៉ែត្រ ជម្រៅជិត៣ម៉ែត្រ និងបានដឹកយកចេញតាមរថយន្តយីឌុបកង់១០ និងកង់៦រាប់រយឡាន។ បន្ទាប់ពីឃើញបែបនេះ ពួកគាត់រហូតដល់វេលាល្ងាចថ្ងៃទី២២ ខែឧសភា ពួកគាត់បានទៅហាមឃាត់ តែមិនព្រមឈប់ឡើយ នៅបន្តកាយ និងដឹកចេញរហូតដល់វេលាព្រឹកថ្ងៃទី២៣ ខែឧសភា ទើបដកគ្រឿងចក្រចេញ។
ពេលនេះពួកគាត់បាននាំគ្នាតវ៉ាស្នើសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាប់ពីថ្នាក់ឃុំ ស្រុក ខេត្ត ជាពិសេមន្ទីរ និងក្រសួងពាក់ព័ន្ធ ជួយដោះស្រាយនៅផលប្រយោជន៍រួមមួយនេះ ដែលបុគ្គលអាងអំណាចកំពុងរំលោភបំពាន និងបំផ្លាញនេះផង។
គោលបំណងសំខាន់ គឺពួកគាត់សុំឲ្យក្រុមហ៊ុនមួយនេះ ចេះខ្មាសអៀនផង ព្រោះតាំងពីកើតមកពីពោះម៉ែមក ពួកគាត់មិនដែលឃើញនរណាកាយដែផ្លូវលក់បែបនេះទេ បើដឹកដីចាក់បំពេញផ្លូវ ស្លាបបាផ្លូវគឺមានតែក្រុមហ៊ុននេះបែរឃាបំផកលាញផ្លូវទៅវិញ ដូច្នេះសូមដឹកដីមកចាក់បំពេញផ្លូវវិញទើបពួកគាត់បញ្ឈប់ការតវ៉ានេះតទៅទៀត៕