(ភ្នំពេញ)៖ អណ្តូងទឹកស្អាតចំនួន៥៤អណ្តូង ត្រូវបានលោកស្រី ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមការងារ បានប្រគល់ជូនដល់ប្រជាជនអាស្រ័យផលចំនួន៦ស្រុក ស្ថិតក្នុង៣ខេត្តផ្សេងគ្នា រួមមាន៖ ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ខេត្តសៀមរាប, ស្រុកអន្លង់វែង និងក្រុងសំរោង ខេត្តឧត្តរមានជ័យ, ស្រុកស្វាយចេក និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល៤យប់៥ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ខែឧសភាឆ្នាំ២០១៨នេះ។
សូមជំរាបថា ក្នុងចំណោមអណ្តូងទឹកទាំង៥៤អណ្តូងនេះ មាន១០អណ្តូង ជាអំណោយរបស់មហាឧបាសិកា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើត សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកម្មវិធីប្រគល់អណ្តូងទឹកទាំងអស់ លោកស្រី ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ លោកតែងតែគិតគូ និងយកចិត្តទុកដាក់ ចំពោះប្រជាលរដ្ឋគ្រប់ទីកន្លែង ហេតុដូច្នេះហើយទើបសម្តេចបានចាត់ឲ្យក្រុមការងារ មូលនីធិអណ្តូងទឹកស្អាតធ្វើអណ្តូងជូន ដល់ពួកគាត់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
ក្នុងឱកាសនោះដែរ ដោយមានការស្នើសុំ និងមើលឃើញតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ នៅមានការខ្វះខាត ជាពិសេសអ្នកដែលនៅឆ្ងាយពីប្រភពទឹក លោកស្រីបានចាត់ឲ្យក្រុមការងារ ធ្វើជូនបន្ថែមទៀត នៅតាមបណ្តាស្រុកទាំង៦ខាងលើនេះ សរុបប្រមាណជិត៣០អណ្តូងទៀត។
លោកស្រីបានឲ្យដឹងទៀតថា គម្រោងមូលនីធិអណ្តូងទឹកស្អាតលោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន ធ្វើជូនប្រជាពលរដ្ឋនៅទូទាំង ប្រទេសចំនួន១ពាន់អណ្តូង។ រហូតមកដល់ពេលនេះ អណ្តូងទឹកដែលបានខួងរួចរាល់ហើយចំនួន៤៧៧អណ្តូង រួមទាំងអណ្តូង ដែលប្រគល់ជួនអោយប្រើប្រាស់ជាផ្លូវការបានចំនួន៣៦៦អណ្តូង។
ឆ្លៀតនៅក្នុងកម្មវិធីប្រគល់អណ្ដូងនេះដែរ លោកស្រីក៏បានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ មកពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត សំរាប់ពលរដ្ឋណាដែលមានបញ្ហាសុខភាព និងទទួលបានការពិគ្រោះជម្ងឺជាមួយគ្រូពេទ្យជំនាញ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗដោយមិនគិតថ្លៃ។ លើសពីនោះបើសភាពជំងឺធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ ក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕