(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ បាននាំគ្​នាប្រកាសថា នឹងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីចូលរួមថែ​រក្សាសន្ដិភាព និងមានឱកាសបន្ដការអភិវឌ្ឍន៍ជារៀងរហូត។

ក្រៅពីប្រកាសថានឹងទៅចូលរួមបោះឆ្នោតហើយនោះ ប្រជាពលរដ្ឋជាច្រើនគ្រួសារខាងលើ ក៏បានគូសបញ្ជាក់ថា ពួកគាត់មាន​ភាពជឿជាក់លើការដឹកនាំប្រទេស របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធាន​គណបក្សប្រជាជន​កម្ពុជា ហើយការបោះឆ្នោតខាងមុខនេះ ពួកគាត់នឹងបន្ដបោះឆ្នោតជូនសម្ដេចតេជោ។

ការប្រកាសយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាស លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន ​និងជាអភិបាល​ខណ្ឌដង្កោ បានចុះសំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់សំណើ សំណូមពរ និងតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិម័ល សង្កាត់ដង្កោ។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេស ជូនប្រជាពលរដ្ឋឲ្យបានយល់ជ្រាបកាន់តែច្បាស់ផងដែរ៕