(កណ្ដាល)៖ បុគ្គលិកធនាគារអេស៊ីលីដាម្នាក់ ជាប់ចោទចំនួនពីរបទល្មើស ត្រូវបានលោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកណ្ដាល និងជាចៅក្រមស៊ើបសួរ សម្រេចមិនឃុំខ្លួនរួចអនុញ្ញាតឱ្យត្រឡប់ទៅវិញ នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីសាកសួរមិនដល់មួយម៉ោងផង ។
អ្វីជាការកត់សម្គាល់នោះគឺសាច់ញាតិជនត្រូវចោទ ទំនងជាអ្នកលូកដៃចូលសំណុំរឿងនេះបានចំអកឱ្យអ្នកសារព័ត៌មាន ឱ្យថតរូបជនល្មើសនៅក្នុងរថយន្តឯកជនដែលចាំទទួលជនល្មើស។ គេមិនដឹងថា អាថ៌កំបាំងអ្វីនៅពីក្រោយខ្នងនៃការសម្រេចមិនឃុំខ្លួននេះទេ ហើយថែមទាំងសាច់ញាតិចំអកឱ្យអ្នកសារព័ត៌មានថែមទៀតផង។
នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បញ្ជាក់ថា ជនត្រូវចោទរូបនេះឈ្មោះ ញ៉ែម មីនា ភេទប្រុស អាយុ៣០ឆ្នាំ ជាប់ចោទពីបទ «ជេរប្រមាថនិងហិង្សាដោយចេតនា» ប្រព្រឹត្តនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំងស្រុកល្វាឯម ខេត្តកណ្ដាល កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ តាមមាត្រា៣០៧ និងមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។
មន្រ្តីនគរបាលបន្តថា ជនត្រូវចោទទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ តាមដីការបស់លោក ងួន វុទ្ធី។ ប៉ុន្តែត្រូវបានដោះលែងវិញ។ ជននេះបានគេចជិតមួយឆ្នាំមកហើយ មុនពេលមានការចាប់ខ្លួននេះ៕