(ភ្នំពេញ)៖ កម្មករ កម្មការិនី ក៏មានទស្សនៈមិនខុសពីមន្ត្រីរាជការ សិស្ស និស្សិត និងប្រជាពលរដ្ឋទូទៅនោះដែរ សុទ្ធតែមើលឃើញថាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលមានរយៈពេល៥ឆ្នាំម្តង គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគេ ហើយមេដឹកនាំដែលពួកគេចង់បាននោះ គឺមេដឹកនាំដែលប្រឹងប្រែងអភិវឌ្ឍន៍ជាតិ និងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋនៅគ្រប់វិស័យទាំងអស់កាន់តែល្អប្រសើរ។

ប្រធានបទនៃការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ កំពុងក្លាយជាចរន្តពីរផ្ទុយគ្នា ដោយចរន្តមួយព្យាយាមរារាំងប្រជាពលរដ្ឋមិនឲ្យទៅចូលរួមបោះឆ្នោត ហើយចរន្តមួយទៀតអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតជ្រើសរើសមេដឹកនាំដែលពួកគេពេញចិត្ត។

លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយក្រោមការចោទប្រកាន់ថាប្រព្រឹត្តទង្វើក្បត់ជាតិរួមនឹងថ្នាក់ដឹកនាំរបស់អតីតបក្សប្រឆាំងមួយនេះកំពុងធ្វើយុទ្ធនាការរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ក្រោមហេតុផលថា គណបក្សរបស់ខ្លួនមិនបានចូលរួមក្នុងការបោះឆ្នោតនេះ។ ផ្ទុយពីទណ្ឌិត សម រង្ស៊ី និងអតីតមេដឹកនាំអតីតបក្សប្រឆាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំរាជរដ្ឋាភិបាល តែងតែអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។

ក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានហៅការអំពាវនាវរបស់លោក សម រង្ស៊ី មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការបំពានសិទ្ធិរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នាផងដែរ ដើម្បីប្រើសិទ្ធិសេរីភាពក្នុងការជ្រើសរើសមេដឹកនាំ ដែលពេញចិត្ត និងគិតថា អាចផ្តល់ឧត្តមប្រយោជន៍សម្រាប់ពួកគេ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ក្មួយៗត្រូវចាំថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ នៅសល់តែជាង២ខែទៀតតែប៉ុណ្ណោះ ការបោះឆ្នោតមួយនឹងមកដល់ សង្ឃឹមថាក្មួយៗរួមជាមួយ ឪពុកម្ដាយ និងក្រុមគ្រួសារ ទៅចូលរួមការបោះឆ្នោត ព្រោះនេះជាការប្រើសិទ្ធិក្នុងរយៈពេល៥ឆ្នាំម្ដង មិនគប្បីត្រូវបានបោះឆ្នោតចោលសិទ្ធិមួយនេះ ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ដ ហើយអ្នកខ្លះអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត គឺបំពានលើសិទ្ធិ»

ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលមានរយៈពេល៥ឆ្នាំម្តងនេះ ប្រជាពលរដ្ឋក្នុងប្រទេសកាន់របបប្រជាធិបតេយ្យដូចកម្ពុជាសុទ្ធតែចាត់ទុកថាមានសារៈសំខាន់ណាស់សម្រាប់ពួកគេ ព្រោះជាឱកាសជ្រើសរើសមេដឹកនាំដែលគិតថាមានសមត្ថភាពក្នុងការដឹកនាំអភិវឌ្ឍន៍ជាតិឲ្យកាន់តែរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។

កម្មការិនី ផាន ឈុនលាង បានថ្លែងថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កញ្ញា ហើយកញ្ញា ក៏បានត្រៀមខ្លួនរួចរាល់ផងដែរសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា នេះ។

កញ្ញា ឈុនលាង ក៏បានបញ្ជាក់ផងដែរ ពីលក្ខណៈសម្បត្តិមេដឹកនាំដែលកញ្ញាចង់បាន។ មេដឹកនាំដែលកញ្ញាចង់បាន គឺមេដឹកនាំ ដែលចេះគិតគូរលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន ដូចជាសម្តេចតេជោ ហ៊ុន សែន។

«សំខាន់ព្រោះថាក្នុងរយៈពេល៥ឆ្នាំបោះឆ្នោតបានម្តងទេ ដើម្បីជ្រើសរើសមេដឹកនាំ ហើយវាពិតជាសំខាន់មែនទែន ប្រជាជនទាំងអស់ត្រូវតែទៅបោះឆ្នោត។ ខ្ញុំគិតថា សម្តេចតេជោ ហ៊ុន សែន ជួយសង្គ្រោះប្រទេស ហើយធ្វើឲ្យប្រទេសមានការអភិវឌ្ឍ។ អ៊ីចឹងខ្ញុំនៅតែបន្តបោះឆ្នោតឲ្យសម្តេចរហូត»។ នេះជាការបញ្ជាក់បន្ថែមរបស់កម្មការិនី ផាន ឈុនលាង៕