ប្រជាពលរដ្ឋរស់នៅភូមិទួលក្រសាំង ខេត្តកណ្តាល ព្រួយបារម្ភពីការបាក់ដី ចូលទៅក្នុងរណ្តៅដីឈ្មួញ នួន សុន
23-05-2018 18:11
(កណ្តាល)៖ ក្រោយពីឃើញមាត់រណ្តៅដីរបស់ឈ្មួញ នួន សុន បានបាក់ចូលយ៉ាងគំហុកនោះ ធ្វើឲ្យពលរដ្ឋដែលមានដីនៅក្បែររណ្តៅដី មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចការបាក់ស្រុតនោះ រាលដាលដល់ដីពួកគាត់។
ចំពោះករណីនេះលោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានចុះទៅពិនិត្យមាត់រណ្តៅនោះដែរ ហើយលោកបានប្រាប់ម្ចាស់ដីថា នេះជាសិទ្ធិរបស់ម្ចាស់ដី គេអាចជីកកាយ ឬបូមពីក្នុងបរិវេណដីគេ ទៅលុបបំពេញជ្រុងដីម្ខាងទៀតបាន។ ប៉ុន្តែកុំឲ្យប៉ះពាល់ដល់ដីអ្នកដទៃ បើមានប៉ះពាល់ ឬបាក់ស្រុតដល់ត្រូវសង់គេតាមតម្លៃទីផ្សារបច្ចុប្បន្ន។
ការអញ្ជើញចុះទៅពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមាត់រណ្តៅក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
លោក សុផល ជាប្រជាពលរដ្ឋ ដែលមានដីនៅជាប់រណ្តៅដីឈ្មួញ នួន សុន បានសម្តែងក្តីបារម្ភថា ចំងាយពីកន្លែងកំពុងបាក់ស្រុត នៃមាត់រណ្តៅដីឈ្មួញ នួន សុន គឺមានចំងាយប្រហែល ប៉ុន្មានម៉ែត្រទៀតទេ វានឹងអាចបាក់ស្រុតដល់ដីរបស់គាត់ ចំណែកដីប្រជាពលរដ្ឋផ្សេងទៀត ក៏មានស្ថានភាពដូច្នេះគាត់ដែរ។
លោកបានសំណូមពរ ដល់អាជ្ញាធរមេត្តាមានវិធានការណ៍ ពោលពេលបាក់ ត្រូវតែដោះស្រាយជូនគាត់ជាបន្ទាន់។ ជាមួយគ្នានេះ លោក ហេង ចាន់ធួន បានជំរុញឲ្យអាជ្ញាធរជួយអញ្ជើញភាគីទាំងសងខាង ទៅធ្វើកិច្ចសន្យាឲ្យបានត្រឹមត្រូវ បើសិនជាបាក់ដល់ដីពលរដ្ឋមួយណា ម្ចាស់រណ្តៅត្រូវសងពលរដ្ឋតាមតម្លៃទីផ្សារ។
ទោះយ៉ាងណាភ្នាក់ងារព័ត៌មាន Fresh News មិនអាចទាក់ទងជាមួយលោក នួន សុន ដើម្បីសុំការបំភ្លឺបានឡើយ៕