(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានអំពាវនាវដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត គ្រប់ម្ចាស់រមណីយដ្ឋានទេសចរណ៍ និងគ្រប់ប្រធានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស ត្រូវចូលរួមការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី២ និងការប្រលងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១ ឲ្យបានច្រើនកុះករ។
ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសបិទបញ្ចប់សិក្ខាសាលាផ្សព្វផ្សាយចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី២ អមជាមួយចលនាប្រឡងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១ ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។
ក្នុងឱកាសបិទបញ្ចប់សិក្ខាសាលាផ្សព្វផ្សាយខាងលើ លោក ជា បូរ៉ា បានផ្តល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១៖ ត្រូវបន្តខិតខំជំរុញការអភិវឌ្ឍ និងវិនិយោគរមណីយដ្ឋានទេសចរណ៍គ្រប់ប្រភេទ ជារមណីយដ្ឋានដែលមានការគិតគូរពីបរិស្ថាន ភាពស្អាត និងសង្គម។ ក្នុងបរិបទនេះ រាល់គម្រោងវិនិយោគជារមណីយដ្ឋានទេសចរណ៍ទាំងអស់ ត្រូវបញ្ចូលនូវការគិតគូរអំពីទស្សនទានបៃតង និងស្អាត។ តាមរយៈចលនាប្រឡងប្រណាំង «រមណីយដ្ឋានទេសចរណ៍គំរូលើកទី២នេះ» នឹងតម្រង់ទិសដល់ធុរកិច្ចនានា ចាប់យកទស្សនទាន «បៃតង និងស្អាត» ដោយគិតគូរពីស្ថាបត្យកម្មបៃតង ការសន្សំសំចៃថាមពល ការគ្រប់គ្រងសំណល់ ការគិតគូរពីកិច្ចការសង្គម-មនុស្សធម៌។ល។ លោកបានស្នើឲ្យរាល់គម្រោងអភិវឌ្ឍ និងវិនិយោគរមណីយដ្ឋានទេសចរណ៍ ត្រូវតែជាគម្រោងដែលមានការគិតគូរដល់បរិស្ថាន វប្បធម៌ គិតគូរដល់កិច្ចការគាំពារសង្គម។
ទី២៖ មន្ទីទេសចរណ៍រាជធានី-ខេត្ត ត្រូវខិតខំជំរុញឲ្យគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ទាំងរមណីយដ្ឋានគ្រប់គ្រងដោយរដ្ឋ ឯកជន និងសហគមន៍ ត្រូវមានអ្នកគ្រប់គ្រងច្បាស់លាស់ និងមានការចាត់តាំងនូវរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ផងដែរ និងត្រូវជំរុញឲ្យគ្រប់រមណីយដ្ឋានទាំងអស់មានផែនការមេអភិវឌ្ឍច្បាស់លាស់ ដែលមានការទទួលស្គាល់ពីក្រសួងទេសចរណ៍ និងពីគណៈអភិបាលរាជធានី-ខេត្ត។ មន្ទីរទេសចរណ៍ទាំងអស់ ត្រូវបន្តប្រឹងប្រែងរៀបចំគ្រប់គ្រងធ្វើការអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍នានាក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ។
ទី៣៖ ត្រូវខិតខំរក្សាឲ្យបាននូវភាពស្អាត និងបៃតង ជាពិសេសបញ្ឈប់ការបោះសំរាមចោលក្រោមតុ ក្រោមយុទ្ធនាការ «រមណីយដ្ឋានខ្ញុំ សហគមន៍ខ្ញុំ គ្មានទេសំរាមក្រៅធុង» ដោយមិនអនុញ្ញាតឲ្យប្រើក្រដាសជូតមាត់ ហើយអាចត្រូវជំនួសវិញដោយកន្សែងត្រជាក់ ឬត្រូវចាត់មនុស្ស ដើម្បីចាប់យកសំរាមដែលគេបោះចោលដាក់ក្នុងធុងសំរាម។ ម្ចាស់គ្រប់គ្រងរមណីយដ្ឋាន និងប្រធានសហគមន៍ទាំងអស់ ត្រូវតែសរសេរពាក្យអប់រំមិនឲ្យបោះសំរាមចោលផ្តេសផ្តាសខុសធុងសំរាម និងអប់រំភ្ញៀវទេសចរដែលចូលទៅលេងកម្សាន្តឲ្យបានច្បាស់លាស់ជាមុន។ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ ត្រូវបំពាក់ធុងសំរាមឲ្យបានគ្រប់គ្រាន់ និងធ្វើការបែងចែកសំរាមទៅតាមប្រភេទនីមួយៗ ជំរុញការប្រើប្រាស់ផលិតផលធ្វើពីក្រដាស ឬក្រណាត់ជំនួសផ្លាស្ទិកដូចដែលជ័យលាភីរមណីយដ្ឋានទេសចរណ៍គំរូលើកទី១ បានអនុវត្តនាពេលកន្លងមក។
ទី៤៖ គ្រប់រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ ត្រូវដាក់ស្លាកសញ្ញាឲ្យបានគ្រប់គ្រាន់ ទាំងស្លាកបង្ហាញព័ត៌មាន និងស្លាកសញ្ញាបង្ហាញទីតាំងនានា ជាពិសេសស្លាកសញ្ញាបង្ហាញទីតាំងហាមឃាត់ និងតំបន់គ្រោះថ្នាក់ជាដើម ឲ្យសមស្របទៅតាមស្តង់ដារបស់ក្រសួងទេសចរណ៍ ហើយជាមួយនេះ ត្រូវសហការឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងតំបន់ធ្វើការគ្រប់គ្រងលំហូរភ្ញៀវទេសចរឲ្យបានច្បាស់លាស់។ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ទាំងអស់ត្រូវរៀបចំមណ្ឌលព័ត៌មានទេសចរណ៍ ទៅតាមទំហំជាក់ស្តែង ដើម្បីផ្តល់ព័ត៌មានក៏ដូចជាអប់រំភ្ញៀវទេសចរ មុនពេលចូលទៅលេងកម្សាន្តក្នុងមូលដ្ឋានរបស់ខ្លួន ហើយមន្ទីរទេសចរណ៍ត្រូវពង្រឹងមណ្ឌលព័ត៌មានទេសចរណ៍ក្នុងខេត្តរបស់ខ្លួន ដើម្បីជាកន្លែងប្រមូលផ្តុំ និងផ្តល់ព័ត៌មានគ្រប់ជុ្រងជ្រោយពីគោលដៅទេសចរណ៍ ក្នុងខេត្តរបស់ខ្លួនទៅដល់ភ្ញៀវទេសចរ។
ទី៥៖ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវខិតខំបន្តជំរុញឲ្យរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ចូលរួមក្នុងការប្រលងប្រណាំងនានា ជាពិសេសការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ និងសហគមន៍ទេសចរណ៍គំរូនេះ។