(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ ប្រកាសឲ្យអ្នករាល់គ្នា កុំឲ្យប្រកាន់ទោសពីតារាចម្រៀង ប៊ុត សីហា អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ព្រោះសាមីខ្លួនបានចេញមកបកស្រាយរួចរាល់អស់ហើយ ថាមិនបានជាប់ពាក់ព័ន្ធករណីគ្រឿងញៀននោះទេ។
ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើង ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៧ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកមិញនេះ។
និយាយដល់តារាចម្រៀងភាគីច្រើន មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ក្នុងនោះ ក៏មានតារាចម្រៀង ប៊ុត សីហា ដែលនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រលយប៉ុន្មានមាត់ថា «ឥឡូវ ប៊ុត សីហា គ្នាកំពុងតែបកស្រាយថា គ្នាមានពាក់ព័ន្ធករណីគ្រឿងញៀន ប្រសិនបើគ្នាប្រកាសថា គ្នាអត់មានគ្រឿងញៀន កុំប្រកែប្រកាន់អីគ្នា»។
ប៉ុន្មានម៉ោងក្រោយពីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន, តារាចម្រៀង ប៊ុត សីហា តាមរយៈ Facebook ផ្លូវរបស់ខ្លួន ក៏បានបង្ហោះសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដោយរូបគេពិតជាមិននឹកស្មានដល់ទាល់តែសោះ។
តារាចម្រៀង ប៊ុត សីហា បានសរសេរយ៉ាងដូច្នេះថា «អរគុណសម្តេចដែលចាំឈ្មោះ សីហា ខ្ញុំករុណាពិតជារំភើបចិត្ត ដែលសម្តេចនាយករដ្ឋមន្រ្តី បានលើកឡើង និងលើកទឹកចិត្តខ្ញុំ ឈ្មោះខ្ញុំពិតជាល្បីណាស់បានឮដល់សម្តេច។ សូមសម្តេចប្រកបដោយសុខភាពល្អ និងជាម្លប់ដល់កូនចៅ»។
សូមរំលឹកថា លោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ៥៖៣០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសង្ស័យថា ពាក់ព័ន្ធករណីគ្រឿងញៀន។ ប៉ុន្ដែត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយសមត្ថកិច្ចរកមិនឃើញភ័ស្ដុតាងពាក់ព័ន្ធនោះទេ ដោយគ្រាន់តែការភ័ន្ដច្រឡំ៕