(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំភ្លេច និងមិនត្រូវអាក់ខានទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះឲ្យសោះ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋដែលរស់នៅក្នុងរដ្ឋអធិបតេយ្យមួយ។ បងប្អូនត្រូវតែអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាៗ។

ការថ្លែងបែបនេះ ខណៈលោកអភិបាលខណ្ឌ បានអញ្ជើញទៅចូលរួម ក្នុងពិធីបើកការដ្ឋានរបស់ក្រុមហ៊ុនសំណង់ផ្ទះល្វែង «ល្អពិត» នៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ។

ពិធីបើកការដ្ឋាននេះបានប្រព្រឹត្តទៅកាលពីវេលាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីតំណាងក្រុមហ៊ុនផ្ទះល្វែងខាងលើ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងកម្មករសំណង់ជាច្រើននាក់ទៀតផងដែរ។

នៅក្នុងឱកាសនោះលោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ម្ចាស់ក្រុមហ៊ុនសំណង់ផ្ទះល្វែងទាំងអស់ ជាពិសេស ក្រុមហ៊ុនផ្ទះល្វេង «ល្អពិត» ដែលបានជ្រើសយកខណ្ឌពោធិ៍សែនជ័យ ធ្វើជាដៃគូរកស៊ីដែលជាការចូលរួមចំណែក អភិវឌ្ឍន៍មូលដ្ឋាន និងប្រទេសជាតិ។ លោកថា នៅទូទាំងរាជធានីភ្នំពេញ មាន១២ខណ្ឌ ប៉ុន្តែខណ្ឌពោធិ៍សែនជ័យ មានការលូតលាស់ខ្លាំង ខាងគេគ្រប់វិស័យទាំងឧស្សាហ៍កម្មរោងចក្រកាត់ដេរ សំណង់ និងដីឡូត៌ជាដើម។

លោកអភិបាលខណ្ឌដដែល បានថ្លែងសំណេះសំណាលសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា និងកម្មករសំណង់ក្រុមហ៊ុនផ្ទះល្វែងខាងលើ ដែលបានចូលរួមក្នុងពិធីនោះ ត្រូវថែរក្សាសុខភាព រស់នៅប្រកបដោយអនាម័យ ដើម្បីមើលការអភិវឌ្ឍន៍ប្រទេសជាតិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ក្រោយបញ្ចប់ ពិធីសំណេះសំណាលនោះលោកអភិបាលខណ្ឌ បានចែកជូនវត្ថុអនុស្សាវរីយ៍ ដល់បងប្អូនទាំងនោះក្នុងម្នាកៗរួមមាន៖ ថវិកា២ម៉ឺនរៀល, សារុង, អង្ករ និងទឹកស៊ីអ៊ីវជាដើម៕