(ក្រចេះ)៖ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី ហ៊ុន ដានី បានឲ្យដឹងថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ធ្វើឲ្យវិស័យទេសចរណ៍កម្ពុជានៅតែបន្តការរីកចម្រើនទៅមុខ និងនាំឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋ ពិសេសគឺស្ត្រីជាកតាលីករសំខាន់រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។
បើតាមក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០១៧ វិស័យទេសចរណ៍បានផ្ដល់ការងារដោយផ្ទាល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណ ៦២ម៉ឺននាក់ ភាគច្រើនគឺជាស្ត្រីដែលមានរហូតដល់ ៦០% និងដោយប្រយោលជាច្រើនសែននាក់ទៀត។ ទាំងនេះបង្ហាញថាស្ត្រីជាប្រតិបត្តិករទេសចរណ៍ដ៏សំខាន់បំផុត ក្នុងការជំរុញឲ្យវិស័យទេសចរណ៍កម្ពុជាបន្តរីកចម្រើនទៅមុខ ហើយកម្ពុជានៅតែត្រូវការប្រតិបត្តិករទេសចរណ៍ជាស្ត្រីជាច្រើននាក់បន្ថែមទៀត ដើម្បីឆ្លើយតបនឹងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ និងរាប់លាននាក់ទៀត នៅឆ្នាំបន្តៗទៅមុខ។
ទន្ទឹមនឹងការទទួលបានឱកាសការងារដ៏សន្ធឹកសន្ធាប់ពីវិស័យទេសចរណ៍ ស្ត្រីខ្មែរក៏បានពើបប្រទះនូវបញ្ហាមួយចំនួនដែរ ទាំងនៅកន្លែងការងារ ក៏ដូចជាក្នុងសង្គមទូទៅផងដែរ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ថោង ខុន បានខិតខំយកចិត្តទុកដាក់ចំពោះបញ្ហាខាងលើនេះយ៉ាងផុសផុល តាមរយៈសេនាធិការរបស់ខ្លួន ក៏ដូចជាសកម្មភាពលើកកម្ពស់តម្លៃការងាររបស់ស្ត្រីនានាផងដែរ។
ជាក់ស្ដែង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ លោករដ្ឋមន្ត្រី ថោង ខុន បានចាត់តាំងលោកស្រី ហ៊ុន ដានី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បន្តចុះផ្សព្វផ្សាយបញ្ជ្រាបអំពីបញ្ហាយេនឌ័រ អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់ ដែលរើសអើងប្រឆាំងនារីភេទ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីក្នុងវិស័យទេសចរណ៍ ដល់មន្ត្រីរាជការ និងផ្នែកឯកជននានានៅខេត្តក្រចេះ សំដៅកាត់បន្ថយឥរិយាបថរើសអើងចំពោះស្ត្រី។
ក្នុងឱកាសនោះ លោកស្រី ហ៊ុន ដានី បានលើកឡើងថា ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ហាក់ដូចជានៅឲ្យតម្លៃលើស្ត្រីខុសគ្នាទៅតាមស្ថានភាពការងារ តួយ៉ាងបើស្ត្រីបម្រើការក្នុងសណ្ឋាគារ ខារ៉ាអូខេ ឬអ្នកសម្អាតអនាម័យ សង្គមយល់ឃើញថាស្ត្រីទាំងនោះមានតម្លៃទាប ផ្ទុយទៅវិញបើស្ត្រីមានឋានៈជាថ្នាក់ដឹកនាំកម្រិតខ្ពស់ណាមួយ សង្គមនឹងយល់ឃើញថាស្ត្រីនោះមានតម្លៃខ្ពង់ខ្ពស់មិនខាន។ ដោយសារបញ្ហានេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ បានខិតខំយកចិត្តទុកដាក់ចំពោះបញ្ហានេះយ៉ាងខ្លាំងក្លា ពីព្រោះវិស័យទេសចរណ៍ ជាវិស័យសំខាន់មួយដែលមានអ្នកបម្រើការជាស្រ្តីច្រើនជាងបុរស។
ជាមួយនឹងការលើកទឹកចិត្ត និងបំផុសស្មារតីដល់គ្រប់ភាគីពាក់ព័ន្ធឲ្យយកចិត្តទុកដាក់ ចំពោះសកម្មភាពលើកកម្ពស់តម្លៃការងាររបស់ស្ត្រីផងនោះ លោកស្រីអនុរដ្ឋលេខាធិការបានពន្យល់ថា នារីដែលបម្រើការក្នុងវិស័យទេសចរណ៍ មិនថាតួនាទីការងារអ្វីទេ គឺសុទ្ធតែមានតម្លៃការងារដូចស្ត្រីទូទៅក្នុងសង្គមដែរ ពីព្រោះការងារទាំងនោះ គឺជាការងារសុចរិតទៀងត្រង់ មិនបានទៅលួចឆក់ប្លន់ទ្រព្យសម្បត្តិអ្នកដទៃឡើយ ពួកគាត់ប្រើកម្លាំង ប្រើចំណេះជំនាញរបស់គាត់ ដើម្បីប្ដូរជាមួយប្រាក់ខែរបស់ពួកគាត់។
ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ លោក រុន ភារ៉ា បានឲ្យដឹងថា នៅឆ្នាំ២០១៧ កន្លងទៅ ភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅខេត្តក្រចេះ មានចំនួន ៣០៣,០៥៣នាក់ កើនឡើងតិចតួច ក្នុងនោះមានទេសចរអន្តរជាតិចំនួន ២៤,៨៤៧នាក់ កើនឡើង ២.៤៥%។ សម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០១៧នេះ ភ្ញៀវទេសចរដែលទៅកម្សាន្តនៅខេត្តភាគខាងជើងមួយនេះ មានចំនួន ២១៤,១២៤នាក់ កើនឡើង ៣.២៩% ក្នុងនោះមានទេសចរអន្តរជាតិចំនួន ១០,២៦៦នាក់ កើនឡើងតិចតួច៕