(ឧត្តរមានជ័យ)៖ មានករណីហិង្សាដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារបុរសម្នាក់យកកាំបិតខ្វាវ ទៅកាប់ប្រពន្ធរបស់ខ្លួន បណ្តាលឲ្យដាច់ដៃម្ខាងចេញឆ្អឹងគួរឲ្យព្រឺក្បាល។ ហេតុការណ៍នេះដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយមានករណីប្តីកាប់ប្រពន្ធ ភ្លាមៗនោះសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ និងបានឃាត់ខ្លួនជនសង្ស័យតែម្តង។
ជនសង្ស័យជាប្តី ឈ្មោះ ប៊ូ ប៊ី អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបររកស៊ីអាឈើ បានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះជាប្រពន្ធ ឈ្មោះ សែត ចាន់ណា អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុដូចគ្នា ដែលមុខរបរលក់ដូរ បណ្តាលឲ្យត្រូវដៃខាងឆ្វេងរយាស់ដាច់ត្រឹមកែងដៃ ត្រូវក្បាល ៣កន្លែង និងត្រូវស្មាខាងស្តាំ កដៃខាងស្តាំ រងរបួសជាទម្ងន់ ហើយក៏បានបញ្ជូនទៅកាន់មន្ទីពេទ្យខេត្តសៀមរាប។
លោកស្នងការនគរបាលខេត្ត បានបន្តទៀតថា ករណីខាងលើនេះ ដោយមូលហេតុប្តីប្រចណ្ឌនឹងប្រពន្ធ និងមានអំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ ហើយធ្លាប់លែងគ្នាម្តងហើយតែយកគ្នាវិញ។
បច្ចុប្បន្ននេះ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ និងឃាត់ខ្លួនបណ្តោះអាសន្ន ព្រមទាំងបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕