(បាងកក,ថៃ)៖ នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៤ ក្រោមប្រធានបទ «វិសមភាពក្នុងសករាជ នៃរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍដោយចីរភាព (Inequality in the era of the 2030 Agenda for Sustainable Development)» របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចប្រចាំតំបន់អាស៊ី និងប៉ាស៊ីហិ្វករបស់អង្គការសហប្រជាជាតិ (UN-ESCAP) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ លោក Kazuyuki Nakane អនុរដ្ឋមន្រ្តីការបរទេសជប៉ុន (State Minister for Foreign Affairs) និងជាតំណាងឲ្យអេស្កាបជប៉ុន បានសម្តែងនូវការសរសើរការរីកចម្រើនរបស់កម្ពុជា ហើយបានអំពាវនាវឲ្យ មានការថែរក្សាសន្តិភាព និងបានបន្តគាំទ្រកម្ពុជាក្នុងពេលបោះឆ្នោតក្នុងឆ្នាំ២០១៨ខាងមុខ។

សូមបញ្ជាក់ថា សម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់តំបន់មួយនេះ ដឹកនាំដោយលោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា។ គណៈប្រតិភូកម្ពុជារួមមាន៖ មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ ព្រមទាំងមន្រ្តីគណៈកម្មាធិការជាតិអេស្កាប់ ដើម្បីចូលរួមសន្និបាតនេះ ហើយគោលបំណងដ៏ចំបង នៃសន្និបាតនេះ គឺពិនិត្យ និងអនុម័តលើរបាយការណ៍ការងារដែលអគ្គលេខាធិការដ្ឋាន UN-ESCAP និងរដ្ឋជាសមាជិកបានអនុវត្តក្នុងឆ្នាំ២០១៧ និងអនុម័តសេចក្តីសម្រេច ផែនការផ្សេងៗ ដែលបានស្នើឡើងដោយរដ្ឋជាសមាជិក និងអគ្គលេខាធិការដ្ឋាន UN-ESCAP សម្រាប់ឆ្នាំ២០១៨។

ជាតំណាងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី, ទេសរដ្ឋមន្រ្តី លី ធុជ ត្រូវបាន UN-ESCAP អញ្ជើញឲ្យធ្វើជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃសន្និបាតប្រចាំឆ្នាំលើកទី៧៤នេះ ដែលមានការចូលរួមពីប្រមុខរដ្ឋ នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ឧត្តមមន្រ្តីនិងមន្រ្តីនៃរដ្ឋជាសមាជិក និងរដ្ឋសង្កេតការណ៍ប្រមាណជាង៦០ប្រទេស ព្រមទាំងតំណាង អគ្គលេខាធិការអង្គការសហប្រជាជាតិ លេខាប្រតិបត្តិ UN-ESCAP មន្រ្តីជំនាញមកពីអង្គការសហប្រជាជាតិទូទាំងសកលលោក ស្ថាប័នហិរញ្ញវត្ថុពិភពលោក ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនជាច្រើនផងដែរ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី បានពិភាក្សាលើចំណុចសំខាន់ៗចំនួន៤គឺ៖
*វិសមភាពក្នុងសករាជ នៃរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍដោយចីរភាព
*បញ្ហាប្រឈម និងឱកាសក្នុងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍដោយចីរភាព
*តួនាទីតំបន់អាស៊ី និងប៉ាស៊ីហ្វិកក្នុងការងារពហុភាគី និងអភិបាលកិច្ចសកលនៃសករាជរបៀបវារៈឆ្នាំ២០៣០
*ការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីជួយជម្រុញដល់ភាពជោគជ័យនៃការអភិវឌ្ឍដោយចីរភាព។

នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានកត់សម្គាល់ពីភាពជោគជ័យសំខាន់ៗ៣របស់កម្ពុជា ដែលឆ្លើយតបទៅនឹងប្រធានបទខាងលើរួមមាន៖

ទី១៖ ការកសាងសនិ្តភាព គឺជាកត្តាចាំបាច់បំផុត មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ដែលជាការអភិវឌ្ឍដោយចីរភាពទៅតាមរបៀបវារៈឆ្នាំ២០៣០ និងការអភិវឌ្ឍដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០
ទី២៖ ការកាត់បន្ថយភាពក្រីក្រដ៏គួរឧ្យកត់សំគាល់ ដែលបានធ្លាក់ចុះពី៥៣ភាគរយ ក្នុងឆ្នាំ២០០៤ មកនៅត្រឹមតែ១៣,៥ ភាគរយ ក្នុងឆ្នាំ២០១៤ ហើយនឹងនៅបន្តធ្លាក់ចុះជាង១ ភាគរយ ក្នុងមួយឆ្នាំៗទៀត។ នេះបានធ្វើឧ្យកម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានការកាត់បន្ថយភាពក្រីក្របានច្រើនជាងគេ ក្នុងពិភពលោក និងមិនមាននរណាម្នាក់ ដែលត្រូវទុកចោលដោយមិនទទួលបានផលពីការអភិវឌ្ឍឡើយ
ទី៣៖ កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្លាំង ហើយបន្តមានលំនឹងរឹងមាំក្នុងកម្រិត៧.២ភាគរយ និងបន្តនៅចន្លោះ ៧.១ ឬ ៧.២ ភាគរយក្នុងឆ្នាំ២០១៧ និង២០១៨ផងដែរ។ សមិទ្ធផលនេះ ទទួលបានដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្ហាញឱ្យឃើញអំពីឧត្តមគតិ និងការបេ្តជ្ញាដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការពុះពារបម្រើជាតិ និងប្រជាជន យកផលប្រយោជន៍រួមជាធំ សំដៅបន្តការពារ និងកសាងមាតុភូមិឆ្ពោះទៅរកអនាគតដ៏រុងរឿង ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។

រាជដ្ឋាភិបាលក៏បានដាក់ចេញនូវគោលដៅតម្រង់ឆ្ពោះទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយនឹងទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ ដោយកំណត់យកអាទិភាពសម្រាប់ការអភិវឌ្ឍ គឺទឹក ផ្លូវ ភ្លើង មនុស្ស។

លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមប្រជាពលរដ្ឋជម្ពុជា បានសម្តែងនូវការគោរពដឹងគុណ និងចងចាំជានិច្ចចំពោះស្នាដៃ និងវីរភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជារដ្ឋបុរសបានរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាអ្នកចរចាដ៏អស្ចារ្យដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ឆ្នាំ១៩៩៣ និងជាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ ដែលធ្វើឲ្យទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូលបានឯកភាព ប្រកប ដោយសន្តិភាព ស្ថិរភាពនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលជាគន្លឹះដ៏សំខាន់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍនៅគ្រប់ទីកន្លែងនៃទឹកដីកម្ពុជា។

ទេសរដ្ឋមន្រ្តី លី ធុជ ក៏បានសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអេស្កាបហុងកុង ដែលដឹកនាំដោយ Mrs. Carrie Lam ដើម្បីរំលឹក កម្ពុជា និងហុងកុង ក្នុងនៃពិភាក្សា និងពិចារណានូវបញ្ហាសំខាន់ៗជាច្រើនដូចជា៖ បរិស្ថាន ការគាំពារសង្គម ស្ថិតិ ការដឹកជញ្ចូន ពាណិជ្ជកម្ម ។ល។ លោកស្រី Carrie Lam ប្រសិនបើហុងកុង ស្នើសុំកិច្ចសហប្រតិបត្តិការសម្រាប់ អ្នកពន្លត់អគ្គីភ័យនៅក្នុងអគារខ្ពស់ៗ នោះហុងកុង និងផ្តល់ការបណ្តុះបណ្តាលដល់អ្នកពន្លត់អគ្គិភ័យរបស់យើងនាពេលអនាគត។

ក្នុងជំនួបនោះភាគីទាំងពីរ ក៏បានរំលឹកនៃ កិច្ចប្រជុំប្រចាំឆ្នាំកន្លងទៅនេះ និងបានផ្តោតជាសំខាន់លើ បញ្ហាសេដ្ឋកិច្ច បរិស្ថាន ការអភិវឌ្ឍសង្គម កិច្ចការដឹកជញ្ជូន ព័ត៌មានវិទ្យា ស្ថិតិ ការកាត់បន្ថយហានីភ័យនៃគ្រោះមហន្តរាយ សកម្មភាពរបស់ការិយាល័យអនុតំបន់ និងកិច្ចការងារគ្រប់គ្រងរបស់ UN-ESCAP ព្រមទាំងបានរៀបចំនូវសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម និងសេចក្តីព្រាងនៃសេចក្តីសម្រេចសម្រាប់ដាក់ឆ្លងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដើម្បីសម្រេច។

លោកស្រី. Carrie Lam បានគាំទ្រនូវគោនយោបាយរបស់កម្ពុជា បានធ្វើឲ្យមានសុខសន្តិភាពរហូតដល់សព្វថ្ងៃ ហើយលោកស្រីបន្តថា នឹងបន្ថែមនៃកិច្ចទំនាក់ទំនងរវាងហុងកុងកម្ពុជា អោយមានភាពជិតស្និត ក្នុងការបំផុសអោយអ្នកវិនីយោគទុនធំៗ ទៅបណ្ដាក់ទុនរកស៊ីនៅកម្ពុជាក្នុងវិស័យព័ត៌មានវិទ្យា បច្ចេកទេសថ្មី និងចូលរួម ការអភិវឌ្ឍសង្គមក្នុងប្រទេសកំពុងអភិវឌ្ឍ។

ពាក់ព័ន្ធជាមួយនឹង វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គណៈប្រភិភូកម្ពុជាបញ្ជាក់ថា កន្លងមកកម្ពុជា ចូលរួមធ្វើបទអន្តរាគមន៍ ដោយសង្កត់ធ្ងន់លើសារៈសំខាន់របស់វិស័យនេះក្នុងការអភិវឌ្ឍ ជាពិសេសសម្រាប់ប្រទេស ដែលមានការអភិវឌ្ឍតិចតួច (LDCs)។ ទេសរដ្ឋមន្រ្តី លី ធុជ ក៏បានលើកឡើង រយៈពេលជាង១៨ ឆ្នាំចុងក្រោយ គឺចាប់តាំងពីឆ្នាំ១៩៩៨ មក។ ការអភិវឌ្ឍប្រកបដោយ មោទនភាពនេះ គឺជាផ្លែផ្កានៃស្ថេរភាពនយោបាយ សេដ្ឋកិច្ច និងសុខសន្តិភាពទូទាំងប្រទេស ក្រោមមគ្គុទេសក៍ពោរពេញដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។
ចំណូលប្រចាំឆ្នាំ បានកើនពី ២៥០០ លានក្នុងឆ្នាំ ១៩៩៣ ទៅដល់ ១៨៤០០ លានដុល្លារក្នុងឆ្នាំ ២០១៥ ដែលអាចនាំឲ្យកម្ពុជាឆ្លងផុតពីប្រទេសដែលមានការអភិវឌ្ឍតិចតួចមុនឆ្នាំ ២០២០ និងសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចេរភាពឆ្នាំ ២០៣០។

ក្នុងថ្ងៃដដែលនោះគណៈប្រតិភូកម្ពុជា បានជួបប្រជុំជាទ្វេភាគីជាមួយគណៈប្រតិភូ អេស្កាបជប៉ុន ដែលដឹកនាំដោយលោក Masakazu HAMACHI អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារផងដែរ។ លោក Masakazu HAMACHI តំណាងឲ្យអេស្កាបជប៉ុនបានសម្តែងនូវការសរសើរការរីកចម្រើនរបស់កម្ពុជា ហើយបានអំពាវនាវឲ្យមានការថែរក្សាសន្តិភាព និងបានបន្តគាំទ្រកម្ពុជាក្នុងពេលបោះឆ្នោតក្នុងឆ្នាំ ២០១៨ ខាងមុខ។ ជាមួយគ្នានេះដែរ ជប៉ុនបានអំពាវនាវឲ្យកម្ពុជា បង្ករលក្ខណៈងាយស្រួល និងការពារអ្នកវិនិយោគរបស់ជប៉ុនផងដែរ។

ជាការឆ្លើយតបទេសរដ្ឋមន្រ្តី លី ធុជ បានសំដែងការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្ពស់ដល់សុខសន្តិភាពនិងស្ថេរភាពនយោបាយ ក្រោមមគ្គុទេសក៍ពោរពេញដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលកម្ពុជាទទួលស្គាល់ថា បាននំាឲ្យមានកំណើនសេដ្ឋកិច្ចមកដល់ពេលនេះ។ ជាងនេះទៅទៀតទេសរដ្ឋមន្រ្តី លី ធុជ បានរំលឹកថា កម្ពុជាធ្លាប់ទទួលរងនូវសង្រ្គាមស៊ីវិលជាង ៣០ ឆ្នាំ។ ដូចនេះការថែរក្សាសុខសន្តិភាព សម្រាប់ការងារអភិវឌ្ឍជាការចាំបាច់។

ទេសរដ្ឋមន្ត្រីបន្តថា មានតែរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីទេ ដែលអាចការពារសន្តិភាព និងវិនិយោគរួមទាំងក្រុមហ៊ុនជប៉ុននៅកម្ពុជា និងសន្តិភាព សន្តិសុខនៅក្នុងប្រទេស ហើយថា ការបោះឆ្នោតត្រូវបានរៀបចំរាល់ប្រាំឆ្នាំម្តង ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង ហើយធានាថាលទ្ធិប្រជាធិបតេយ្យនៅរស់រានមានជីវិត ជាមួយនឹងគណបក្សនយោបាយជាង ៤០ ដែលប្រកួតប្រជែងក្នុងការបោះឆ្នោតនៅឆ្នាំនេះ គឺជាសក្ខីភាពមួយនៃប្រជាធិបតេយ្យដ៏រឹងមាំនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។

ក្នុងនាមរដ្ឋាភិបាលទេសរដ្ឋមន្រ្តី លី ធុជ បានសំដែងនូវអំណរអរគុណដល់ប្រជាជនជប៉ុន រដ្ឋាភិបាលជប៉ុន ដែលបានជួយទាំងបច្ចេកទេសនិងហិរញ្ញវត្ថុក្នុងការអភិវឌ្ឍធនធានមនុស្ស និងហេដ្ឋរចនាសម្ព័ន្ធជាច្រើននៅក្នុងប្រទេសកម្ពុជា។ ទេសរដ្ឋមន្រ្តី ក៏បានស្នើឲ្យភាគីជប៉ុនបន្តនូវការគាំទ្រនិងជំនួយជាបន្ថែមទៀតសម្រាប់ការថែរក្សាសុខសន្តិភាពសេ្ថរភាពនិងការអភិវឌ្ឍនៅកម្ពុជា៕